ចេញផ្សាយនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥
បន្ទាយមានជ័យ៖ដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញ និងតាមបណ្តាអធិការដ្ឋាននគរបាលក្រុងស្រុក កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ បានពង្រឹងនិងពន្លឿនការផ្តល់សេវាការធ្វើអត្តសញ្ញាណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋតាមមូលដ្ឋានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីពួកគាត់យកទៅប្រើប្រាស់ និងចុះឈ្មោះបោះឆ្នោត។
ទន្ទឹមគ្នានេះ កម្លាំងនគរបាលគ្រប់អង្គភាពចំណុះ បានពង្រឹកការប្រចាំការ និងយាមល្បាត ២៤ម៉ោង ត្រូលសភាពការណ៍តាមភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវរៀងៗខ្លួន ដើម្បីរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងត្រៀមបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ដូចជា បទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង។ កម្លាំងមួយចំនួនត្រូវបានត្រៀម អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះអគ្គីភ័យ ឬគ្រោះធម្មជាតិនានា។
ក្រៅពីការងារស្នូល លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានណែនាំដល់កម្លាំងនគរបាលទូទាំងខេត្ត ឲ្យចុះអប់រំផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ–សង្កាត់មានសុវត្ថិភាព, ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងជួយសម្រួលចរាចរណ៍ជូនលោកគ្រូ អ្នកគ្រូ និងសិស្សតាមសាលារៀនជាប្រចាំ ដើម្បីបញ្ចៀសការកកស្ទះនិងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុតតាមដែលអាចធ្វើបានផងដែរ៕