ចេញផ្សាយនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥
បន្ទាយមានជ័យ៖រដ្ឋបាលស្រុកព្រះនេត្រព្រះ បានរៀបចំកិច្ចប្រជុំ បូកសរុប លទ្ធផលវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ក្រោយបញ្ចប់វេទិកាសាធារណៈទូទាំងឃុំ ដើម្បីពិភាក្សាពិធីរកដំណោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរ ដែលនៅសេសសល់ ។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្ដម គង់ ច័ន្ទវាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ប្រតិភូអមដំណើរ ព្រមមានការចូលរួមពីលោកស្រី រស់ សុផានី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ក្រុមការងារចុះដ្ឋានភូមិ–ឃុំ មន្ទីរ ជំនាញពាក់ព័ន្ធ កងកម្លាំង មេឃុំ បានចូលរួមប្រមាណជាង១០០នាក់ នៅសាលប្រជុំរដ្ឋបាលស្រុកព្រះនេត្រព្រះ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៥។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះឯកឧត្តម គង់ ច័ន្ទវាសនា បានថ្លែងអំណរគុណទៅដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងក្រុមការងារដែលបានរៀបចំនូវវេទិកាសាធារណៈផ្សព្វផ្សាយទៅបងប្អូនប្រជាពលរដ្ឋ ផ្តល់ប្រមូលធាតុចូល ជាពិសេសដើម្បីដឹងពីបញ្ហាប្រឈមរបស់ប្រជាពលដ្ឋនៅមូលដ្ឋាន និងបានធ្វើការដោះស្រាយនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្ដម ក៏បានបញ្ជាក់ រាល់បញ្ហាប្រឈម សំណូមពរ ដែលមិនអាចដោះស្រាយបាននៅមូលដ្ឋាន ក្រុមការងារបានលើកយកមកប្រជុំពិភាក្សារកដំដោះស្រាយ នៅក្នុងនៅថ្នាក់ស្រុកបន្ត ជាមួយក្រុមការងារចុះមូលដ្ឋាន ហើយបើការប្រជុំពិភាក្សាមិនអាចដំណោះស្រាយ និងលើកទៅថ្នាក់ខេត្ត និងថ្នាក់ជាតិដើម្បីដោះស្រាយបន្ត។
ជាមួយគ្នានោះឯកឧត្តម ក៏បានធ្វើការណែនាំបន្ថែមទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវការចូលរួមបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរជាពិសេស។ មួយវិញទៀតត្រូវផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ឱ្យទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕