សិក្ខាសាលាស្ដីអំពីការយល់ដឹង ពីការធ្វើអាជីវកម្ម របស់សភាពាណិជ្ជកម្ម ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់
(បន្ទាយមានជ័យ)៖សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បើកសិក្ខាសាលាស្ដីអំពីការយល់ដឹង ពីការធ្វើអាជីវកម្ម របស់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់។សិក្ខាសាលានេះបានធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីអស់លោក លោកស្រីជាអាជីវករ មកពីតាមបណ្ដាស្រុក ក្រុងទូទាំងខេត្ត ប្រមាណជា៣៥០នាក់។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា សិក្ខាសាលានាថ្ងៃនេះមានសារៈប្រយោជន៍សំខាន់ណាស់ សម្រាប់អាជីវករទាំងអស់លើបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ក្នុងនោះក៏បានផ្ដោតលើច្បាប់ចំនួន៤ មកធ្វើបទបង្ហាញរួមមានៈ ច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា ,ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ គាំទ្រនិងលើកកម្ពស់ដល់ធុរកិច្ច ,ច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា រាល់ច្បាប់ទាំងអស់ដែលក្រុមហ៊ុនធំតូចឬអាជីវកម្មផ្សេងៗ ត្រូវតែមានច្បាប់និងឆ្លងកាត់ក្រសួងពាណិជ្ជកម្ម ដូចជា ការចុះបញ្ជីគម្រោងវិនិយោគ ពង្រឹងយន្តការច្រកចេញចូលតែមួយ ការចេញលិខិតបញ្ជាក់អំពីឋានៈជាវិនិយោគ នីតិវិធីពិសេសសម្រាប់ការស្នើសុំប័ណ្ណការងារនិងសៀវភៅការងារ ពង្រឹងយន្តការតាមឋានៈនិងត្រួតពិនិត្យ ធ្វើអធិការកិច្ចរួមគ្នាតែមួយ។
ឯកឧត្តម ម៉ៅ ថូរ៉ា បន្តថា ច្បាប់នេះមានគោលបំណងធានាឲ្យមានកិច្ចការពារអ្នកប្រើប្រាស់ និងចូលរួមលើកកម្ពស់ការប្រកួតប្រជែង ដោយសុចរិត ដោយផ្អែកលើកម្មវត្ថុ២ គឺ
១–ការពារអ្នកប្រើប្រាស់” ពីអំពើមិនសុចរិតក្នុងធុរកិច្ច និងការអនុវត្តមិនសុចរិតដែលធ្វើដោយបុគ្គលធ្វើធុរកិច្ច។
២-លើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត” បុគ្គលទាំងឡាយដែលធ្វើធុរកិច្ចត្រូវប្រាកដថា ធ្វើការប្រកួតប្រជែងគ្នាដោយឈរលើមូលដ្ឋានតម្លៃទាប គុណភាពល្អនិងសេវាល្អក្នុងរយៈពេលយូរអង្វែង ដោយផ្អែកលើគោលការណ៍និរន្តរភាពផ្នែកសេដ្ឋកិច្ច និងដោយមិនបំពានលើការប្រើប្រាស់អំណាចឬជំហរឯកាធិភាព៕