អគាររដ្ឋបាលថ្មីស្រឡាង របស់រដ្ឋបាលក្រុងសិរីសោភ័ណ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

បន្ទាយមានជ័យ ៖ អគាររដ្ឋបាលថ្មីស្រឡាងរបស់រដ្ឋបាលក្រុងសិរីសោភ័ណ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។

ពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនេះ ប្រារព្ធ ឡើង ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ បានចូលរួមយ៉ាងច្រើនកុះករប្រារព្ធធ្វើនៅបរិវេណសាលាក្រុងសិរីសោភ័ណ។

នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី សម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសាទរជាមួយមន្រ្តីរាជការ នៃសាលាក្រុងសិរីសោភ័ណ ដែលបានអគាររដ្ឋបាល ជាសមិទ្ធិផលថ្មីដ៏ធំធេងមួយ ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះឯកឧត្តម លើកទឹកចិត្តដល់មន្រ្តីរាជការគ្រប់អង្គភាព កងកម្លាំងគ្រប់ផ្នែក វិស័យឯកជន សង្គមស៊ីវិល អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ បន្តប្រឹងប្រែរួមគ្នាបន្ថែមទៀត ក្នុងការចូលរួមអភិវឌ្ឍន៍លើគ្រប់វិស័យតាមតួនាទីភារកិច្ចរៀងៗខ្លួន ជាពិសេសអភិវឌ្ឍន៍ធនធានមនុស្ស (យុវជន) ដើម្បីកាត់បន្ថយភាពក្រីក្រីឱ្យកាន់តែរួមតូចជាអតិបរិមា និងឈានទៅលុបបំបាត់ទាំងស្រុងនាពេលខាងមុខ។

ទន្ទឹមនឹងការទទួលបាននូវ អគាររដ្ឋបាលថ្មីដែលបាននិងកំពុងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកឧត្ដម បានធ្វើការណែនាំ ដល់ថ្នាក់ដឹកនាំជំរុញការថែទាំអគារ និងទ្រព្យសម្បត្តិ ឱ្យបានល្អ គង់វង្សសម្រាប់ការប្រើប្រាស់បានយូរអង្វែង និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, ជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាពគណនេយ្យភាព និងប្រសិទ្ធភាព, ត្រូវបង្កើនការខិតខំបំពេញការងារ គោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ថ្លៃថ្នូរ និងបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *