ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា ចាត់នាយកខុទ្ទកា​ល័យ ​នាំថវិកា ៨០លានរៀល ជូនគ្រួសា​រយោធិនពលី ក្នុងឧបទ្ទ​វហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹក​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បាន​ចាត់តាំងឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ​ក្រសួងម​ហាផ្ទៃ និងជានាយកខុទ្ទកាល័យ ដឹកនាំប្រតិភូ ចូលរួមរំលែកមរណទុក្ខ និងប្រគល់ថវិ​កាចំនួន ៨០លានរៀល ជូនឯកឧត្តមនាយ​ឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកង​យោធពលខេមរភូមិន្ទ ដើម្បីប្រគល់ជូនក្រុមគ្រួសារសពយោធិន ទាំង ២០រូប ដែលពលីក្នុង​ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

ក្នុងឱកាសនោះឯកឧ​ត្តមសន្តិបណ្ឌិត ខៀវ សុភ័គ បានជម្រាបជូនឯកឧត្តម​នាយឧត្តមសេនីយ៍​អគ្គ​មេបញ្ជាការ អំពីសេចក្ដីសោកស្ដាយជាពន់ពេក និងការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ពីសំណា​ក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ជាមួយក្រុមគ្រួសារសពយោធិនពលី ក៏ដូចជា​ថ្នាក់ដឹកនាំ និងមន្រ្តីនៃកងយោធពលខេមរភូមិន្ទ ចំពោះការបាត់បង់ក្រុមគ្រួសារ និងធន​ធានមនុស្សរ​បស់អង្គភាព ព្រមទាំងបានជូនពរអ្នករងរបួសឱ្យឆាប់ជាសះស្បើយ។

ក្នុងនាមឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ ក៏បានថ្លែងអំណរគុ​ណចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រសួងការពារជាតិ ជាពិសេសកងយោធពលខេមរភូមិន្ទ ជា​មួយក្រសួងមហាផ្ទៃ លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ធ្វើឱ្យ​ក្រសួង​ទាំងពីរ មានលទ្ធភាពកាន់តែខ្ពស់និងគ្រប់ជ្រុងជ្រោយក្នុងការបំពេញតួនាទី និងភារកិច្ចប​ម្រើជាតិ និងប្រជាជន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកា​លទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយទស្សនៈវិស័យជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ជាការឆ្លើយតប ឯកឧត្តមនា​យឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធព​លខេម​រភូមិន្ទ ក្នុង​នាមឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការពារជាតិ បានថ្លែងអំណរគុណគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងទឹកចិត្តប្រកបដោយភាតររបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល មន្រ្តីនគ​របាល​ជាតិ និងមន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដែលបានចូលរួមរំលែកមរណទុក្ខ និងរួមចំ​ណែកផ្ដល់នូវថវិកាជូនក្រុមគ្រួសារយោធិនពលី ទាំង ២០រូប។

ឯកឧត្តមនា​យឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់ថាឧបទ្ទវហេតុនេះ គឺជាទុក្ខ​សោកដ៏​ក្រៀមក្រំមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកងយោធពលខេមរភូមិន្ទ សូម្បីតែក្នុង​ពេលមានស​មរ​ភូមិប្រ​យុទ្ធក៏ដោយឯកឧត្តម​នាយឧត្តមសេនីយ៍ បន្តទៀតថា ភ្លាមៗក្រោយកើតមានឧបទ្ទវហេតុ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នា​យករដ្ឋមន្រ្តីនៃកម្ពុជា បានដឹក​នាំបញ្ជានិងតាមដាន​យ៉ាង​យក​ចិត្តទុកដាក់ខ្ពស់បំផុត ទាំងការរៀបចំពិធីបុណ្យសពយោធិនពលី ព្រមទាំងការសង្គ្រោះ និងព្យា​បាលជនរងគ្រោះ

មុននឹងបញ្ចប់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានជម្រាបជូនឯកឧត្តម​សន្តិបណ្ឌិតនា​យកខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត អំពីការត្រៀមរៀបចំ​ប្រគល់ថវិកាជូនក្រុម​គ្រួសារយោធិន​ពលីឱ្យបានឆាប់។ ភាគីទាំងពីរ ក៏បានគោរពជូនពរថ្នាក់ដឹកនាំ និងជូនពរមន្រ្តីកងកម្លាំង ទាំងកម្លាំង​ន​គរ​បាលជាតិ និងកងយោធពលខេមរភូមិ សូមទទួលបានជោគជ័យក្នុងបេសកកម្មការពារជាតិ បេសកកម្មការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីរួមចំណែកបន្តស​ម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button