ខេត្តបន្ទាយមានជ័យ៖ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ លោក យឹម សំណាង អភិបាលរង ខេត្ត បាននិមន្តអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពសុគន្ធវារីប្រគេនដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សា ជំនួយការសាលាអនុគណ ព្រះចៅអធិការ គ្រូសូត្រស្ដាំសូត្រឆ្វេងនៅក្នុងស្រុកស្វាយចេក ។ ក្រោយពីការប្រកាស សនីយបត្រ និងប្រគល់សេចក្ដីសម្រេចតែងតាំងព្រះមន្ត្រីសង្ឃចៅអធិការវត្តគ្រូសូត្រឆ្វេងស្ដាំជាផ្លូវការរួចមក ព្រះសន្តិរង្សី រៀម សុគន្ធ ព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះគ្រូអនុគណស្រុកស្វាយចេកបានធ្វើការ ប្តេជ្ញាចិត្តខ្ពស់ចំពោះការដឹកនាំរបស់ព្រះសង្ឃនៅក្នុងស្រុកស្វាយចេកឲ្យបានល្អប្រសើរ សាមគ្គីភាពផ្ទៃក្នុងនឹងខិតខំពង្រឹងពង្រីកចំណេះដឹងពិតរបស់ពុទ្ធសាសនិកក្នុងវិស័យពុទ្ធិកសិក្សាគ្រប់កម្រិត ឲ្យបានរឹងមាំ ជាពិសេសការគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់របស់ក្រសួងធម្មការនិងសាសនា ដែលបានដាក់ចេញនូវអភិក្រម ស៣ ក្នុងនោះសក១ វត្តស្អាត ស២ វត្តស្វាង និងស៣ វត្តស្ងប់។
ព្រះឧត្តមសីលញាណ ធុល សុធា និង លោក យឹម សំណាង បានមានសង្ឃដីកានិងប្រសាសន៍ថា សាសនាគឺជាប្រភពផ្តល់នូវគុណតម្លៃដ៏សំខាន់ដែលមានឥទ្ធិពល លើរបបនយោបាយច្បាប់វប្បធម៌ប្រពៃណីទំនៀមទម្លាប់ ហើយការប្រតិបត្តិនៅក្នុងសង្គមនីមួយនីមួយតែងតែមានជាប់ទាក់ទិននឹងប្រពៃណីទំនៀម វប្បធម៌របស់ជាតិសាសន៍នោះផងដែរ ដែលនេះគឺជាអត្តសញ្ញាណរួមដឹកនាំជីវិតមនុស្សនៅក្នុងសង្គម ធ្វើឲ្យផ្នត់គំនិត ឥរិយាបថសកម្មភាពរបស់មនុស្ស មានភាពសមរម្យអាចរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនាក្នុងសង្គមជាតិតិ។
លោក យឹម សំណាង បានបន្តថា ដើម្បីឲ្យស័ក្ដិសមនឹងខ្លឹមសារ ចែងនៅក្នុងរដ្ឋធម្មនុញ្ញដែលចែងថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋយើងទាំងអស់គ្នាត្រូវខិតខំបន្តទៀតដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឲ្យមានតែការរីកចម្រើនខ្ពស់ខ្ពស់ឡើងបន្ថែមទៀតតាមរយៈការពង្រឹងតួនាទីភារកិច្ចដឹកនាំការគ្រប់គ្រងនិងការពង្រឹងពង្រីកចំណេះដឹងចំពោះ ព្រញសង្ឃ ដែលកំពុងសិក្សាគ្រប់កម្រិតឲ្យកាន់តែរឹងមាំនិងមានប្រសិទ្ធភាព។ បញ្ចប់នៃកម្មវិធីក៏បានរៀបចំដង្ហែ ព្រះមន្ត្រីសង្ឃជុំវិញព្រះវិហារនិងស្រោចស្រស់សុគន្ធវារីដល់ព្រះមន្ត្រីសង្ឃដែលត្រូវបានប្រកាសតែងតាំងជាផ្លូវការ៕