លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ អញ្ជើញចូលរួមប្រជុំមន្ត្រីនគរបាលយុត្តិធម៌ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទជាច្រើនរូប អញ្ជើញចូលរួមប្រជុំមន្ត្រីនគរបាលយុត្តិធម៌ នៅសាលប្រជុំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សេង លាង ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង នាយការិយាល័យជំនាញ លោកអធិការ នាយប៉ុស្តិ៍រដ្ឋបាល កម្លាំងកងរាជអាវុធហត្ថ មន្ត្រីសាលាដំបូងខេត្ត សរុប១៦២នាក់។
កិច្ចប្រជុំនេះ មានរបៀបវរ:ចំនួន៦ គឺ
១–ផ្សព្វផ្សាយយុទ្ធនាការ ជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងនៅតាមតុលាការ និងយុទ្ធនាការពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
២–ការបញ្ជូនដីកាផ្សេងៗ
៣–ការបង្ក្រាបបទល្មើស
៤–ការបង្កសំណុំរឿង
៥–ការចូលរួមក្នុងនីតិវិធីតុលាការ
៦–សំណូមពរ និង ដំណោះស្រាយបញ្ហាប្រឈមផ្សេងៗ៕