អាវុធហត្ថឃាត់ខ្លួនជនជាតិថៃ២នាក់ បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ បានបេីកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ដោយឃាត់ជនសង្ស័យជាជនជាតិថៃ ប្រុស –ស្រី ២នាក់ នៅចំនុចមុខអគារស្នាក់នៅមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាំងមួយចំនួន ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជនស្ស័យទាំង២នាក់ ១–ឈ្មោះ ប៊ុនយ៉ាសាតា ប៉ូរ៉ាមេត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ២–ឈ្មោះ យូស៊ីតា ឆាន់ថាជីនដា (ភីម) ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (បញ្ហាសុខភាពសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក សិរីសោភ័ណ) ។ វត្ថុតាងចាប់បានរួមមាន ៖ គ្រឿងញៀនពណ៌ក្រហមរូបសេះ ចំនួន ០៣កញ្ចប់ ទម្ងន់ ៤១,០០ក្រាម –ម៉្សៅពណ៌ស ៤០៨ បំពង់ ទម្ងន់ ៣៥៧,៣ ក្រាម –ម៉្សៅពណ៌ស ចំនួន ០៣កូនថង់កិប ទម្ងន់ ២,៤៦ក្រាម –ទូរស័ព្ទដៃ ចំនួន០២គ្រឿង –នាឡិកាដៃ ចំនួន០២គ្រឿង –កាបូប ចំនួន០២ –លិខិតឆ្លងដែន ចំនួន០២ក្បាល –ឯកសារប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួន –ជញ្ជីងថ្លឹង ចំនួន ០១គ្រឿង –ថង់វេចខ្ចប់មួយចំនួន។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា មុនឈានដល់ការបង្រ្កាបករណីនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបាន ទទួលពត៌មានពីសន្ដិសុខថា មានករណី រក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។ ភ្លាមៗលោកបានដឹកនាំកម្លាំងបានចុះទៅដល់ចំណុចកើតហេតុខាងលើ ហេីយបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំ២នាក់ រួមនឹងវត្ថុតាង ថ្នាំញៀន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានឆ្លើយសារ ភាពថា ពួកខ្លួនពិតជាបានរក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាង ជាក់ស្តែង កម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ៕