បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវរថភ្លើងកិនធ្លាយខួរចេញមកខាងក្រៅ និងដាច់ជាច្រើនកំណត់មើលមិនយល់ នៅស្ទឹងបត់ ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖គួរឱ្យរន្ធត់ណាស់ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងថ្លុកឈាម ដោយបែកក្បាលធ្លាយខួរចេញមកខាងក្រៅ និងដាច់ជាច្រើនកំណត់មើលសឹងមិនយល់ នៅលើផ្លូវរថភ្លើងត្រង់ចំណុចផ្លូវចូលវត្តសេរីមង្គលសុទ្ធារាម(ហៅវត្តស្ទឹងបត់) ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលនាព្រឹកចុងសប្តាហ៍នេះ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលបានស្លាប់យ៉ាងអាណោចអធម៌ដោយសាកសពដាច់ជាច្រើនកំណត់មើលសឹងមិនយល់នេះ ទំនងដេកនៅលើផ្លូវរថភ្លើង ហើយក៏ត្រូវរថភ្លើងកិននាពេលយប់ ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រួមនិងក្រុមយុវជនសង្គ្រោះបឋមក្រុងប៉ោយប៉ែត ដឹកនាំដោយលោក នួន នីគីដា បានចុះទៅពិនិត្យលើសាកសព និងបានយកបំណែកសាកសព ដែលដាច់ចេញពីគ្នានោះ យកទៅទម្រៀបបញ្ចូលគ្នា និងធ្វើការថតរូប ដើម្បីងាយស្រួលកំណត់សម្គាល់ភិនភាគ ស្វែងរកក្រុមគ្រួសារសាច់ញាតិ ។
ក្រោយពីទម្រៀបសាកសពឱ្យចេញជារូបរាងហើយនោះ កម្លាំងសមត្ថកិច្ចជំនាញនិងក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត បានដឹកសាកសពយកទៅតម្កល់ទុកនៅវត្តប្រជាធម្ម រងចាំសាច់ញាតិមកទទួល តែដោយសារមិនឃើញសាច់ញាតិមកទទួល ទើបព្រះសង្ឃនិងគណៈកម្មាធិការ អាចារ្យវត្តបានដាក់ក្នុងក្តារមឈូសធ្វើការបូជា រួចបិទរូបថតនៅជាប់នឹងកោដ្ឋ ដើម្បីងាយស្រួលដល់សាច់ញាតិមកទទួល។
ដូច្នេះលោក នួន នីគីដា បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់សមាជិក មានការសង្ស័យ សូមអញ្ជើញមកពិនិត្យមើលនៅក្នុងវត្តប្រជាធម្ម ក្នុងសង្កាត់ផ្សារកណ្ដាល ពីព្រោះសាកសពក្រោយពីបូជាហើយបានយកទៅតម្កល់ទុកក្នុងវិហាររងចាំសាច់ញាតិមកទទួល៕