គម្រោងកែលម្អ បរិស្ថាន ជុំវិញទន្លេសាប ជំហាន២ ក្នុងក្រុងសិរីសោភ័ណ សម្រេចបានប្រមាណ៥០%ហើយ ក្នុងទំហំទឹកប្រាក់២២លានដុល្លារ
ខេត្តបន្ទាយមានជ័យ៖ គម្រោងកែលម្អ បរិស្ថាន ជុំវិញទន្លេសាប ជំហាន២ សម្រាប់ក្រុងសិរីសោភ័ណ អនុវត្តសម្រេចបានប្រមាណ៥០%ហើយ ដែលជាកម្ចីហិរញ្ញប្បទាន ADB ក្នុងទំហំទឹកប្រាក់២២លានដុល្លារអាមេរិក ដើម្បីកែលម្អក្រុងមួយនេះឱ្យទៅជាទីក្រុងមួយស្រស់ស្អាត ប្រកបដោយផាសុខភាព។
ជាក់ស្តែងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលក្រុមការងារអនុវត្ត ” គម្រោងកែលម្អ បរិស្ថាន ជុំវិញទន្លេសាបជំហាន២ ” ក្នុងក្រុងសិរីសោភ័ណ ដែលកំពុងអនុវត្ត និងបានធ្វើការជួសជុលផ្លូវឡើងវិញ ជាបណ្តើរៗ នូវហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ដោយសារគម្រោង នៅក្នុងនៅភូមិតារាងបាល់ (ផ្លូវ យ៊ាំង ម៉េងតុល ) សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ រដ្ឋបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា ការអនុវត្តគម្រោងកែលម្អ បរិស្ថាន ជុំវិញទន្លេសាប ជំហាន២ សម្រាប់ក្រុងសិរីសោភ័ណ មានអនុគម្រោង២ ៖ អនុគម្រោងទី១ កែលម្អប្រព័ន្ធលូទឹកកង្វក់(ប្រភេទលូ អ៊ុយ) និងអាងចម្រុះ និងអនុទី២ កែលម្អទីលានចាក់សំរាម (អនុវត្តជំហានបន្ទាប់ ឆ្នាំ២០២៤) ។
មន្ត្រីដ៏ដែលបន្តថា អនុគម្រោងទី១ ត្រូវបានអនុវត្ត ភ្ជាប់ប្រព័ន្ធលូតាមផ្ទះ ក្នុងផែនការគម្រោងទូទាំងក្រុង មាន៤សង្កាត់ រួមមាន សង្កាត់កំពង់ស្វាយ សង្កាត់ព្រះពន្លា សង្កាត់អូរអំបិល និងសង្កាត់ទឹកថ្លា ដែលបានប្រវែង ចំនួន១១២គីឡូម៉ែត្រ ។បច្ចុប្បន្ននេះអនុវត្តសម្រេចបានចំនួន៥០ % ហើយ គ្រោងបញ្ចប់ក្នុងកំឡុងខែកញ្ញា ឆ្នាំ២០២៤នាពេលខាងមុខ។ ដោយឡែកចំពោះគម្រោងដែលបានអនុវត្តរួច អ្វីដែលធ្វើប៉ះពាល់ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ ក្រុមការងារនិងធ្វើការជួសជុលឡើងវិញទាំងអស់។ ចំពោះអត្ថប្រយោជន៍ ដែលពលរដ្ឋទទួលបាន
១–ការតភ្ជាប់ជូនឥតគិតថ្លៃ
២– ពលរដ្ឋលែងព្រួយបារម្ភស្ទះបង្គន់ ស្ទះប្រព័ន្ធលូទឹក
៣–បរិស្ថាននៅជុំវិញផ្ទះ ស្អាត គ្មានក្លិនស្អុយ
៤–ទឹកកង្វក់ត្រូវបានចម្រុះ មុនបញ្ចូលទៅក្នុងស្ទឹង ដែលមិនប៉ះពាល់មច្ឆាជាតិឡើយ៕