បទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន សាបដូចទឹកមាត់ ខណៈបញ្ជាមិនឲ្យយកលុយពីអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី និងមិនអនុញ្ញាតឲ្យចតចាប់ម៉ូយនៅមាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែត តែមន្ត្រីក្រោមឱវាតមិនធ្វើតាម (មានវីដេអូរ)
ខេត្តបន្ទាយមានជ័យ៖ក្រោយពីបង្កភាពអនាធិបតេយ្យនៅមាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែត គួរឲ្យអាម៉ាស់ដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលបង្កឡើងដោយក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី(pass app) ដែលបង់លុយឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅមាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានប៉ាក់ពួកផ្សេងៗគ្នា មានប្រភេទធម្មតា និងប្រភេទក្រុមVIP ដែលមានសិទ្ធិច្រើនជាងគេ វាទីយកតែឯងរហូតបង្កជាជម្លោះដេញវ៉ៃតប់គ្នាជារើយៗបង្កការភ្ញាក់ផ្អើលមកនោះ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ក៏បានចេញបទបញ្ជាមិនឲ្យមានការយកលុយ និងចតចាប់ម៉ូយនៅតំបន់បរិវេណមាត់ច្រកទ្វាអន្តជាតិបន្ត ដែលជាហេតុនាំឲ្យប៉ះពាល់និងបាត់បង់សណ្តាប់ធ្នាប់ មិនទាន់បានប៉ុន្មានផងនោះ ក៏ស្រាប់តែពេលនេះមន្ត្រីថ្នាក់ក្រោមនូវតែបន្តឲ្យអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី ប្រដាប់ដោយវិទ្យុទាក់ទង(អាយគូម)គ្រប់ដៃ ចូលចាប់ម៉ូយស្រែកឡូឡាយ៉ាងអណាធិបតេយ្យបង្កការភ្ញាក់ផ្អើលដដែល ដោយគ្មានខ្លាចញញើតអ្វីទាំងអស់ ។ទាំងនេះក៏ព្រោះតែក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បីទាំងនេះអាងនូវអំណាចដែលជាមេរបស់ខ្លួនជាមន្ត្រីអន្តោប្រវេសន៍ដែលយកលុយប្រចាំខែជាខ្នងបង្អែក។
អ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី បានឲ្យដឹងថា ពួកខ្លួនអាចឈរជើងមកចាប់ម៉ូយនៅតំបន់ខាងលើនេះបានដោយសារបានបង់លុយឲ្យទៅមន្ត្រីអន្តោប្រវេសន៍ តាមរយះបុគ្គលឈ្មោះ កុយ ដែលជាអ្នកមើលការខុសត្រូវនៅតំបន់ខាងលើ ដោយបង់ក្នុងម្នាក់ចំនួន១០០០បាត(ប្រាក់ថៃ) ដល់២៥០០បាត បើប្រភេទVIP ចំនួន ៥០០០បាត ស្មើនឹងប្រមាណ៦០ម៉ឺនរៀល ក្នុងមួយខែ បើមិនបង់លុយឲ្យទេបុគ្គលឈ្មោះ កុយ នេះនិងមន្ត្រីប៉ូលីសមិនអនុញ្ញាតឲ្យចូល ថែមទាំងចាប់ម៉ូតូដាក់ច្រវាក់ទៀតផង ។
ប្រភពពីអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី ដែលបានបង់លុយទិចបានឲ្យដឹងដែរថា រាល់ម៉ូតូឌុបដែលមិនបានបង់លុយ មិនមានកាតសម្គាល់ មិនមានអាវដែលគេផ្តល់ឲ្យគឺគេមិនឲ្យចូលជាដាច់ខាត ដេញចេញទីណាត់ទីណែង ថែមទាំងចាប់ម៉ូតូពួកគាត់ដាក់ច្រវាក់មិនឲ្យរត់បាន ព្រមទាំងហាមប្រាប់អ្នកសារព័ត៌មានទៀតផង ។ដូច្នេះពួកគាត់បានស្នើឲ្យថ្នាក់ដឹកនាំពិនិត្យផង កុំជឿជាក់លើមន្ត្រីថ្នាក់ ក្រោមដែលកំពុងឃុបឃិតគ្នាគាបសង្គត់ប្រជាពលរដ្ឋ ដែលជំពាក់អង្គការឬធានាគារទិញម៉ូតូរត់ឌុប ដើម្បីបានប្រាក់ចិញ្ជឹមគ្រួសារឬប្រពន្ធកូន ជៀសជាងចំណាក់ស្រុកទៅក្រៅប្រទេស។ពួកគាត់បញ្ជាក់ដោយយល់ឃើញថា ដោយសារតំបន់ខាងលើនេះ ជាកន្លែងសាធារណៈដែលមានភ្ញៀវជាតិនិងអន្តរជាតិចេញចូលបាន មិនមែនជាកន្លែងរបស់ឯកជននោះ ទើបបានពួកខ្លួនហានចូលមកដឹកបែបនេះ ហើយបើមិនមកដឹកនៅទីនេះតើឲ្យទៅរត់ដឹកនៅឯណាបើម៉ូតូច្រើនម្លឹងៗ និងស្ងាត់មិនមានភ្ញៀវដឹកផងនោះ។ក្នុងនោះពួកគាត់ក៏បានសូមណូមពរដល់ថ្នាក់ដឹកនាំ ជួយសម្រួលឲ្យពួកគាត់បានរត់ឌុបនៅតំបន់ខាងលើ ដោយមិនចាំបាច់បង់លុយ បើមិនឲ្យចូលរត់ឌុបនៅតំបន់ខាងលើ សូមឲ្យអត់ទាំងអស់គ្នាដើម្បីឲ្យស្មើភាពគ្នា ៕ នៅមានវគ្គបន្ត
សូមទស្សនានូវវីដេអូរដែលមានដូចខាងក្រោម៖