សមាគមរាជសីហ៍ សាខាខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤០គ្រួសារ នៅក្នុងបរិវេណវត្តទួលប្រាសាទ
![](https://www.kmctvonline.com/wp-content/uploads/2023/04/photo_2023-04-29_21-48-58-5-780x470.jpg)
(បន្ទាយមានជ័យ)៖កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ សមាគមរាជសីហ៍ សាខាខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោក ណាំ រស្មី ប្រធានសមាគមសាខាខេត្តបន្ទាយមានជ័យ ព្រះគ្រូធម្មចរិយាមុន្នី ស៊ុ សុធី ព្រះចៅអធិការវត្តទួលប្រាសាទ និងជាអនុប្រធានសមាគមរាជសីសាខាខេត្ត ក្នុងនោះក៏មានការអញ្ជើញពីឯកឧត្តម ឯម សុផល អនុប្រធានសមាគមរាជសីហ៍ និងគណៈប្រតិភូអមដំណើរ បាននិមន្តនិងអញ្ជើញសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន មី ,ទឹកស៊ីអ៊ីវ,ប្រេងឆា,ទឹកត្រី,អង្ករ,និងថវិការមួយចំនួន ព្រមទាំងបានចែកនូវថវិកាមួយចំនួនដល់ក្មេងៗដែលបានចូលរួមជាមួយអាណាព្យាបាលផងដែរ។
ពិធីនេះបានធ្វើឡើងនៅក្នុងបរិវេណវត្តទួលប្រាសាទ ស្ថិតនៅក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។
មានមតិសំណេះសំណាលអ្នកឱកាសនោះដែរឯកឧត្តម ឯម សុផល បានមានប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ ដែលឯកឧត្តម តែងតែយកចិត្តទុកដាក់គិតគូខ្ពស់ ចំពោះសុខទុកប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ព័ណសម្បុរ ជំនឿ សាសនា ឬ និន្នាការនយោបាយណាមួយឡើយ ។
ឯកឧត្តមបញ្ជាក់ថា អំណោយដែលនាំយកមកចែកជូនបងប្អូន នាពេលនេះមិនគ្រប់គ្រាន់តាមតម្រូវការរបស់បងប្អូនក៏ពិតមែន តែវាអាចជួយដោះទាល់បានមួយគ្រាដែរ ។
ជាមួយគ្នានោះដែរប្រជាពលរដ្ឋ បានសម្ដែងការអរគុណយ៉ាងជ្រាវជ្រៅចំពោះថ្នាក់ដឹកនាំសមាគមរាជសីហ៍ និងព្រះសង្ឃ ដែលបានសួរសុខទុក្ខនិងនាំយកអំណោយចែកជូនដល់ពួកគាត់ និងបានប្តេជ្ញាគាំទ្រសម្តេច តេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា និងសូមគាំទ្រ យ៉ាងពេញទំហឹងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាសម្រាបពេលអនាគត ។
សូមបញ្ជាក់ផងដែរថា ក្រោយពីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ គណៈប្រតិភូបានអញ្ជើញទស្សនកិច្ចនៅក្នុងបរិវេណវត្តទួលប្រាសាទ ផងដែរ៕