អតីតកីឡាករហែលទឹកជម្រើសជាតិ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញទទួល “ព្រះអគ្គិជ័យកីឡា” ពីប្រទេសឡាវ សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣

(ស្ទឹងត្រែង)៖ដោយទទួលបានចំណាត់តាំងដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អតីតកីឡាករហែលទឹកជម្រើសជាតិយុវជនសម័យសង្គមរាស្រ្តនិយម និងបច្ចុប្បន្នជា អនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញជាតំណាងឱ្យអត្តពលិកកម្ពុជា ដើម្បីទទួលព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ត្រឡប់ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ពីគណៈប្រតិភូនៃប្រទេសឡាវ។
ពិធីដង្ហែរព្រះអគ្គិជ័យកីឡាមកដល់ថ្ងៃនេះ បានធ្វើដំណើរឆ្លងកាត់ប្រទេសនៅក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ រួមមាន៖ប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ហ្វីលីពីន មីយ៉ាន់ម៉ា ទីម័រខាងកើត និងចុងក្រោយបំផុតឆ្លងកាត់ប្រទេសឡាវ មុននឹងធ្វើមាតុភូមិនិវត្តន៍ ចូលមកកម្ពុជាវិញនៅថ្ងៃនេះ។ លើកលែងតែប្រទេសព្រុយណេមួយប៉ុណ្ណោះ ដែលមិនបានទទួលដង្ហែរ ដោយសារគាប់ជួននឹងការប្រារព្ធពិធីបុណ្យរ៉ាម៉ាដនរបស់ខ្លួន។ បន្ទាប់ពីទទួល ព្រះអគ្គិជ័យកីឡា ចូលមកមាតុភូមិវិញ និងប្រារព្ធពិធីដង្ហែរក្នុងខេត្តស្ទឹងត្រែងនេះ ព្រះអគ្គិជ័យកីឡានឹងត្រូវបន្តឆ្លងកាត់ទៅខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្ដាល និងចូលទៅកាន់វិមានឈ្នះៗ។ បន្ទាប់មកបន្តដង្ហែក្នុងរាជធានីភ្នំពេញ និងនៅជុំវិញបឹងទន្លេសាប រួចវិលចូលមកកាន់រាជធានីភ្នំពេញវិញ ។នៅថ្ងៃប្រារព្ធពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាផ្លូវការ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជា ជាម្ចាស់ផ្ទះ នឹងប្រារព្ធពិធីបើកជាផ្លូវការ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែឧសភា ខាងមុខ ហើយបើគិតពីថ្ងៃនេះ រហូតដល់ថ្ងៃប្រារព្ធពិធីគឺនៅសល់តែ ៨ថ្ងៃទៀតតែប៉ុណ្ណោះ។ក្បួនដង្ហែរព្រះអគ្គិជ័យកីឡា បានធ្វើដំណើរចេញពីច្រកទ្វារព្រំដែនត្រពាំងក្រៀល ឆ្ពោះទៅស្ពានទន្លេសេកុង តាមផ្លូវជាតិលេខ៧។ ដល់ត្រង់ចំណុចគល់ស្ពានទន្លេសេកុងផ្នែកខាងជើង ឯកឧត្តមទេសរដ្ឋមន្ត្រី បានកាន់ដង្ហែគប់ភ្លើង រត់ថ្មើរជើងឆ្លងកាត់ស្ពានដោយផ្ទាល់ រហូតដល់គល់ស្ពានផ្នែកខាងត្បូង ក្នុងរយៈចម្ងាយ ១ ០៥៧ម៉ែត្រ។ ស្ពានទន្លេសេកុងនេះ ប្រើប្រាស់ថវិកាសាងសង់ចំនួន ១៩លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយបានបញ្ចប់ការសាងសង់នៅឆ្នាំ២០០៧ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៨៕