អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើរយោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំសែនរីករាយ) ត្រូវខិតខំរៀន ដោយត្រូវគោរពច្បាប់ លក្ខន្តិកៈ បទបញ្ជា វិន័យ នៃវគ្គហ្វឹកហ្វឺន ឱ្យបានល្អប្រសើរ
![](https://www.kmctvonline.com/wp-content/uploads/2023/04/341486346_174965588783978_6422101786648667251_n-780x470.jpg)
ខេត្តកណ្ដាល៖ការខិតខំប្រឹងប្រែងរបស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមន្ត្រីក្រោមឱវាទ នាពេលកន្លងមក បានយកចិត្តទុកដាក់ និងខិតខំអនុវត្តការងារតាមតួនាទី ភារកិច្ច រក្សាបាននូវ សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ធ្វើឱ្យខេត្តកណ្តាល បាននឹងកំពុងធ្វើការអភិវឌ្ឍរីកចម្រើនប្រកបដោយ ចីរភាពលើគ្រប់វិស័យ ។ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ចំនួន៣៤នាក់ ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំសែនរីករាយ) នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងនោះឯកឧត្ដម អភិបាលខេត្ត បានសម្តែងការអបអរសាទរចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើ កងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណៈសម្បត្តិ និងជាប់ជាស្ថាពរ ក្នុងការប្រឡង ហើយត្រូវបានបញ្ចូលក្របខ័ណ្ឌកងយោធពលខេមភូមិន្ទ ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ និងបានជូនដំណើរ ទៅចូលហ្វឹកហ្វឺននៅ មជ្ឈមហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំសែនរីករាយ ) ដែលចេញពីការជ្រើសរើសក្នុងខេត្តកណ្តាល។
ជាមួយគ្នានោះដែរឯកឧត្ដមអភិបាលខេត្ត ក៏បានថ្លែងអគុណ និងកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រួសារ ឬអាណាព្យាបាលយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានអនុញ្ញាតឱ្យកូនចៅ ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌ ឱ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេស ជាតិមាតុភូមិ និងប្រជាពលរដ្ឋ៕