ពិធីបុណ្យសម្ពោធឆ្លង កុដិ១ខ្នង ២ជាន់ និងឆ្លងពោធិព្រឹក្ស ផ្លូវបេតុង ក្នុងវត្តពោធិឧត្តមមារាម (ប្រាសាទពង្រតាផូ)ស្រុកស្វាយចេក

(បន្ទាយមានជ័យ)៖កុដិសាងសង់អំពីថ្មមួយខ្នងទំហំ ២០ម៉ែត្រ គុណ នឹង៧ម៉ែត្រ កម្ពស់ពីរជាន់ ចំណាយថវិកាអស់ចំនួន៨៥៥០០ដុល្លារសហរដ្ឋអាមេរិក ស្ថិតនៅក្នុងវត្តប្រាសាទពង្រតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើពិធីបុណ្យសម្ពោធឆ្លង នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្ដម ឈើយ ចាន់ណាសមាជិកព្រឹទ្ធសភា ប្រចាំមណ្ឌលខេត្តបន្ទាយមានជ័យ និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត។
បើតាមរបាយការណ៍សង្ខេបរបស់ព្រះគ្រូចៅអធិការវត្តព្រះនាមវរឃោសោ មួង ឆាង មានសង្ឃ ដីកាបញ្ជាក់ថា សមិទ្ធផលជាច្រើននៅក្នុងបរិវេណវត្ត គឺបានមកពីកម្លាំងមហាសាមគ្គីសប្បុរសជនជិតឆ្ងាយ បានផ្ដួចផ្ដើមកសាងអាចកើតមានឡើងសម្រាប់ព្រះសង្ឃ បានប្រើប្រាស់និងជាកន្លែងសម្រាប់គោរពបូជា។ ជាក់ស្ដែងកុដិ មួយខ្នងពីរជាន់នេះដែល បានចំណាយថវិការហូតដល់ជិតដប់ម៉ឺនដុល្លារឯណោះ។ឯកឧត្ដម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៍ក្នុងការរួមចំណែកពង្រឹង សាមគ្គីភាព ការលើកកម្ពស់វប្បធម៌នៃការយោគយល់គ្នា ក្នុងចំណោមពុទ្ធសាសនិក ក៏ដូចជាប្រជាជនកម្ពុជា របស់យើងទាំងអស់នៅពេលអនាគត។ពិតមែនហើយរាជរដ្ឋាភិបាល យើងត្រូវការវត្តមាននៃការចូលរួមទាំងស្មារតីសម្ភារៈ និងបញ្ញាញាណពី ព្រះតេជគុណ គ្រប់ព្រះអង្គព្រមទាំងឯកឧត្តម លោកជំទាវលោកឧកញ៉ា អស់លោក លោកស្រី និងប្រជាជនទាំងអស់ ដើម្បីរួមគ្នាកសាងកម្ពុជា ឲ្យក្លាយទៅជាសង្គមមួយ ដែលមានការអភិវឌ្ឍរីកចម្រើន គ្មានអំពើហិង្សា គ្មានការ រំលោភសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ចូលរួមចំណែកធ្វើឲ្យសង្គមកម្ពុជាជាសង្គមមួយ ដែលមានមូលធនសង្គមដ៏រឹងមាំ ពោលគឺជាសង្គមមួយដែលមានប្រជាជន ប្រកបដោយចំណេះដឹងជ្រៅជ្រះមានសីលធម៌ គុណធម៌ ចរិយាធម៌ សាមគ្គីធម៌និងជាប្រទេសដែលសម្បូររុងរឿង អារ្យធម៌ដ៏ខ្ពង់ខ្ពស់ត្រចះត្រចង់ប្រកប ដោយសុខសន្តិភាព ។ ចុងបញ្ចប់គណៈអធិបតី ក៏បានប្រទានថវិកា មួយចំនួនដល់ព្រះចៅអធិការ និងប្រគេនប័ណ្ណថ្លែងអំណរគុណ ប័ណ្ណសសើរ ដល់លោកតា លោកយាយនិងសប្បុរសជននានាដែលបានចូលរួមផងដែរ៕