កងរាជអាវុធហត្ថ អនុវត្តដីការឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀ
(បន្ទាយមានជ័យ)៖ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោក វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២០២ច.ខ/ឆ ចុះថ្ងៃទី២៥ ខែមីថុនា ឆ្នាំ២០១៨ របស់លោក ញឹម ពិសាល ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ចាប់ខ្លួនឈ្មោះ ឆើត ធឿន ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ព្រមទាំងដកហូតសម្ភារៈវត្ថុតាងរួមមាន –ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០១គ្រឿង ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១សន្លឹក។
យោងតាមដីការខាងលេីក៏បានបញ្ជាក់ថា ១.ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ឆើត ធឿន ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ សាសនាព្រះពុទ្ធ ទីកន្លែងកំណើតភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ឪពុកឈ្មោះ សុខ ចិន្តា (រ) ម្តាយឈ្មោះ ស៊ូ ផា (ដាក់ពន្ធនាគារ កំណត់៤ឆ្នាំ) ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឲ្យផ្តន្ទាទោសតាមមាត្រា៤០ កថាខណ្ឌ ៣, ៤ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ២–បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឆើត ធឿន ភេទប្រុស អាយុ៤០ឆ្នាំ (អត្តសញ្ញាណខាងលើ)តាមមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕