បញ្ជូនខ្លួនក្រុមចោរឆក់៤នាក់ ទៅតុលាការក្រុងភ្នំពេញ
(ភ្នំពេញ)៖កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនខ្លួនជនសង្ស័យចំនួន ៤នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ ក្រោយពីធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី២០–២១ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង០៤នាក់ ទី១៖ឈ្មោះ អូក ឆាយ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ
ទី២៖ឈ្មោះ ណោង វុទ្ធីគីមឡាយ អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ
ទី៣៖ឈ្មោះ វា វាសនា អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ និង
ទី៤៖ឈ្មោះ មាស រតនៈ ហៅអាហ៊ីង អាយុ១៧ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅភូមិថ្មី សង្កាត់ដង្ក ខណ្ឌដង្កោ។វត្ថុតាងដកហូតបានរួមមាន៖ម៉ូតូចំនួន០២គ្រឿង ទី១៖ ម៉ាក BEAT ពណ៌ស លាយខៀវ ពាក់ផ្លាកលេខ1AI-4566 ភ្នំពេញ (ម៉ូតូជិះធ្វើសកម្មភាព) និងទី២៖ ម៉ាក NEX ពណ៌ស លាយខៀវ ពាក់ផ្លាកលេខ1JW-0760 ភ្នំពេញ (ម៉ូតូជិះធ្វើសកម្មភាព) និងផ្លាកលេខម៉ូតូចំនួន១ (ភ្នំពេញ1TF-1518)។
កម្លាំងជំនាញអាវុធហត្ថខណ្ឌដង្កោ បានបញ្ជាក់ទៀតថា នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុង កែងបុរី ប៊ុន លី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ មានក្រុមជនសង្ស័យចំនួន៥នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះពុំបានសម្រេច ហើយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ធ្វើការស្ទាក់ចាប់បានជនសង្ស័យម្នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ លុះដល់រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានបន្តស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ទៀត។ ចំណែកបក្ខពួកម្នាក់ទៀតដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះ ពិតប្រាកដមែន ៕