លោក បោន ប៊ិន ដឹកនាំកិច្ចប្រជុំបូកសរុប និងសន្និដ្ឋានវាយតម្លៃលទ្ធផលការងារក្នុងការចុះយុទ្ធនាការឃោសនាបោះឆ្នោត ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

(បន្ទាយមានជ័យ )៖លោក បោន ប៊ិន អនុប្រធានក្រុមការងារចុះមូលដា្ឋនស្រុកមង្គលបូរី ប្រធានក្រុមការងារចុះមូលដា្ឋនឃុំចំណោម នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញ ជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុប និងសន្និដ្ឋានវាយតម្លៃលទ្ធផលការងារក្នុងការចុះយុទ្ធនាការឃោសនាបោះឆ្នោត ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។
នាឱកាសនោះលោក បោន ប៊ិន បានថ្លែងអគុណ និងកោតសរសើរចំពោះក្រុមការងារ សមាជិក–សមាជិក គណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានឃុំចំណោម ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ ចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមិនខ្លាចនឿយហត់។
លោកបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជាជាង៤០ឆ្នាំកន្លងមកនេះ ដោយសារតែមានការជឿទុកចិត្ត និងគាំទ្រពីប្រជាជនកម្ពុជាទូទាំងប្រទេស ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់ពេលបច្ចុប្បន្ននេះ ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ។
លោកបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជានៅតែបន្តប្តេជ្ញាចំពោះមុខប្រជាជនថា គណបក្សប្រជាជន នឹងអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យ ដើម្បីរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យបានរឹងមាំ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងអភិវឌ្ឍឃុំ សង្កាត់លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលជាការឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។
ជាមួយគ្នានោះដែរលោកក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងឈានមកដល់ នាពេលខាងមុខនេះឱ្យបានគ្រប់ៗគ្នាផងដែរ ៕