មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំ ស្ដីពីកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនសម្ដេចតេជោ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងចែកស្រូវពូជជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់
![](https://www.kmctvonline.com/wp-content/uploads/2022/10/photo_2022-10-20_16-16-29-780x470.jpg)
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ ទទួលភារកិច្ច ស្ដីពីកិច្ចការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ជូនសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ក្រុមប្រឹក្សាខេត្ត ក្រុង–ស្រុក និងឃុំ–សង្កាត់ ព្រមទាំងចែកស្រូវពូជជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ ។
កិច្ចប្រជុំ នេះក៏មានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង–ស្រុក ទាំង៩ នៅសាលប្រជុំតូច អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ។
បន្ទាប់ពីចប់កិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានត្រួតពិនិត្យកម្លាំង ដើម្បីធ្វើការបែងចែក តួនាទី–ភារកិច្ច ចុះតាមគោលដៅ ការពារសន្តិសុខ សុវត្ថិភាព ជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសអញ្ជើញមកខេត្តបន្ទាយមានជ័យ ។
ក្នុងនោះដែរលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងកងរាជអាវុធហត្ថ ទាំងអស់ ត្រូវពង្រឹងតាមគោលដៅរៀងៗខ្លួន យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត សំដៅធ្វើយ៉ាងណា ការពារសុវត្ថិភាព ជូនប្រមុខរាជរដ្ឋាភិបាលប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវ តាមតួនាទី –ភារកិច្ចរបស់ខ្លួន ៕