រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកសន្និបាត បូកសរុបការងារប្រចំាឆ្នាំ២០២១ លើកទិសដៅ២០២២
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចំាឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។ដែលពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា៖ថ្ងៃនេះ យើងជួបជុំ ដើម្បីប្រារព្ធអង្គសន្និបាតសរុបការងារប្រចំាឆ្នំា២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ សំដៅរួមគ្នាពិនិត្យវាយតម្លៃសមិទ្ធផលការងារដែល ស្ថិតក្រោមសមត្ថកិច្ច របស់រដ្ឋបាលខេត្ត បន្ទាប់ពីអាក់ខានការជួបជុំដោយផ្ទាល់ ដើម្បីប្រារព្ធសន្និបាតកាលពីឆ្នាំកន្លងទៅ ដោយសារការឆ្លងរាតត្បាតដ៏កាចសាហាវនៃជំងឺកូវីដ ១៩។
ឯកឧត្តមបន្តថា៖រយៈពេលពីរឆ្នាំកន្លងទៅនេះ ព្រះរាជាណាចក្រកម្ពុជាយើង បានពុះពារជម្នះ នឹងឆ្លងកាត់នូវបញ្ហប្រឈមដ៏ស្មុគស្មាញ ដោយសារការផ្ទុះឡើងវិញនៃជំងឺកូវីដ ១៩ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ដើម្បីដោះស្រាយបញ្ហប្រឈមទាំងនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនំាដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ការស្វះស្វែងរកវ៉ាក់សំាងចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ ព្រមជាមួយនឹងការផ្តល់ជំនួយសង្គមដល់គ្រួសារក្រីក្រ និងកម្មការរោងចក្រ សហគ្រាស ដែលទទួលរងផលប៉ះពាល់ ដោយវិបត្តិនៃជំងឺកូវីដ១៩ ការធ្វើអន្តរាគមន៍នានា ដើម្បីទប់លំនឹងសេដ្ឋកិច្ច សង្គមកុំឲ្យដួលរលំ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការដំណើរការនៃស្ថាបន័សាធារណៈគ្រប់ថ្នាក់ ដើម្បីផ្តល់សេវាសាធារណៈចាំបាច់នានា និងជាមូលដ្ឋាន ក្នុងសង្គម ព្រមទាំងវិធានការនានាជាច្រើនទៀត ដើម្បីស្តារសេដ្ឋកិច្ចសង្គមពីវិបត្តិនៃជំងឺកូវីដ ១៩។
ទោះបីសភាពការណ៍សកលលោក និងតំបន់ មានវិបត្តិប្រែប្រួល ស្មុគស្មាញយ៉ាងណាក្តី ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់គ្រងប្រទេសជាតិ ប្រកបដោយទស្សនវិស័យ ច្បាស់លាស់ និងដោយមានការគាំទ្រការចូលរួមពីមន្ទីរអង្គភាព ស្ថាប័ន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងនោះរដ្ឋបាលខេត្ត ជាស្ថាប័នទទួលខុសត្រូវក្នុងការរក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ បានខិតខំប្រឹងប្រែងរួមគ្នារក្សាការពារ បានយ៉ាងរឹងមាំនូវសុខសន្តិភាពសិ្ថរភាព នយោបាយ អធិបតេយ្យភាព បូរណភាពទឹកដី ដោយបញ្ចៀសបាននូវអំពើភេរវកម្ម ព្រមទាំងបង្ការទប់ស្កាត់ និងបង្រ្កាបបានទាន់ពេលវេលា នូវឧក្រិដ្ឋកម្មឆ្លងដែន និងធានាបាននូវសន្តិសុខ ផ្ទៃក្នុងយ៉ាងល្អប្រសើរ ហើយឧបាយកលទុច្ចរិករបស់មជ្ឈដ្ឋានអកតិនានា ដែលប៉ុនប៉ង បង្កអសេ្ថរភាព ត្រូវបរាជ័យ ។ក្នុងសន្និបាតនាថ្ងៃនេះផងដែរ ក៏មានការបែងចែកក្រុមពិភាក្សាចំនួន៦ក្រុម ស្តីពីវឌ្ឍភាព និងបញ្ហប្រឈមផ្សេងៗ ៕