កងកម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ ចុះជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព
![](https://www.kmctvonline.com/wp-content/uploads/2022/10/photo_2022-10-10_17-10-22-4-780x470.jpg)
(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ទោ ប៉ែនសុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកម្លាំងអន្តរាគមន៍ ធ្វើរោងនៅទីទួលសុវត្ថិភាព និងជម្លៀសប្រជាពលរដ្ឋ ស្ថិតនៅផ្លូវវាងក្រុង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ កម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន។
សូមបញ្ជាក់ថា ដោយសារស្ថានភាពទឹកភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់ និងទឹកមួយចំនួនហូរធ្លាក់មកពីផ្នែកលើ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យជន់លិចផ្ទះ និងដំណាំកសិកម្មប្រជាពលរដ្ឋ ក្នុងនោះប្រជាពលរដ្ឋមួយចំនួនជន់លិចផ្ទះ តែអាចបន្តរស់នៅបាន ដោយឡែកប្រជាពលរដ្ឋ មួយចំនួន និងសម្ភារ ត្រូវបានកងកម្លាំងជួយជម្លៀសទៅកាន់ទីទួលសុវត្ថិភាពផងដែរ។
លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ បានបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍ របស់វរសេនាតូចថ្មើរជើងលេខ៥១៤ បានត្រៀមកម្លាំងសម្ភារ មធ្យោបាយ ២៤/២៤ម៉ោង សម្រាប់ជួយសង្រ្គោះពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក្នុងនោះមានកម្លាំងមួយផ្នែក មានទូកសង្គ្រោះ និងរថយន្តធំ បានបញ្ជូនទៅប្រចាំការនៅតំបន់កំពុងរងគ្រោះឲ្យបានទាន់វេលា៕