ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ ទាំងមន្ត្រី សាលាគណខេត្ត ព្រះមន្ត្រីសង្ឃ សាលាអនុគណទាំង៩ស្រុក ក្រុង ព្រះចៅអធិការ គ្រប់វត្តនិងគណៈគ្រប់គ្រងសាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីម ដែលបាននិមន្តអញ្ជើញទៅ គោរពវិញ្ញាណក្ខន្ធ ឧទ្ទិសបង្សុកូលប្រគេនដល់ ព្រះសព ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាកលកិត្តិយស ព្រះ សង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង ដែលបានទទួល អនិច្ចកម្មនាថ្ងៃសៅរ៍ទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧:០០នាទីយប់ក្នុងជន្មាយុ៨៨ព្រះវស្សាដោយរោគាពាធ នាវត្តពោធិ៍វាលសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យក៏បានប្រគេន នូវសាររំលែកទុក្ខចំពោះសាលាគណខេត្តបាត់ដំបងនិងក្រុមញាតិព្រះសព ដែលមានខ្លឹមសារបញ្ជាក់ថា ស្ថិតនៅក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះក្នុងនាមជាមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ និងក្នុងនាមលោកផ្ទាល់ ក៏សូមចូលរួមរំលែកមរណៈទុក្ខ ដ៏សែនវិយោគនេះ ដោយសេចក្ដីស្រណោះអាឡោះអាល័យជាទីបំផុត រួមជាមួយព្រះមន្ត្រីសង្ឃ សាលាគណ អាចារ្យគណៈកម្មការពុទ្ធបរិស័ទ និងក្រុមគ្រួសារនៃព្រះអង្គដែលបាត់បង់នូវព្រះបិតា សង្ឃខេត្តបាត់ដំបង ដែលបានរួមចំណែកយ៉ាងសកម្ម នៅក្នុងការលើកស្ទួយតម្លៃ នៃព្រះពុទ្ធសាសនានិងសង្គមជាតិប្រកបដោយស្មារតីទទួលខ្ពស់។ ចំពោះការបាត់បង់ ព្រះឥន្ទ្រមុនី អ៊ុក មុត គឺជាការបាត់បង់ដ៏ធំធេង នៃព្រះមន្ត្រីសង្ឃជាន់ខ្ពស់និងជាព្រះមេគណខេត្តមួយព្រះអង្គដ៏ឆ្នើមប្រកបដោយគុណធម៌ និងទេពកោសល្យដ៏ខ្ពង់ខ្ពស់ ក្នុងការបម្រើវិស័យព្រះពុទ្ធសាសនា និងសង្គមជាតិពេញមួយជីវិតរបស់ព្រះអង្គ។ តាំងនាមអោយ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ក៏ដូចជាមន្ត្រីរាជការក្រោមឱវាទសូមឧទ្ទិសមហាកុសលផលបុណ្យទាំងឡាយទាំងពួង ចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះឥន្ទ្រមុន្នី អ៊ុក មុត សូមព្រះអង្គបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ គួរបញ្ជាក់ថា បច្ច័យនៃការចូលរួមបុណ្យព្រះសពព្រះអង្គ អ៊ុក មុត បានមកពី មន្ទីធម្មកានិងសាសនាខេត្ត ព្រះមន្ត្រីសាលាខេត្ត សាលាអនុគណទាំង ៩ស្រុក ក្រុង និងព្រះចៅអធិការសរុបបច្ច័យចូលរួមបុណ្យប្រមាណជាង ៨លានរៀល៕