បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ព្រមទាំងប្រតិភូអមដំណើរ អញ្ជើញចុះសួរសុខ បងប្អូនជនភៀសសឹកមកពីតំបន់សមរភូមិមុខ ខេត្តឧត្តរមានជ័យ កំពុងស្នាក់នៅក្នុមណ្ឌលសុវត្ថិភាព ក្នុងស្រុកភ្នំស្រុក ប្រមាណ៤០០គ្រួសារ។
ក្នុងឱកាសនោះឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា និងឯកឧត្តម ឌិត ទីណា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសារសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់បងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ដោយក្ដីនឹករលឹក។
ឯកឧត្តម បានអំពាវនាវឱ្យបងប្អូនជនភៀសសឹក ដែលបានជម្លាសសូមរក្សាភាពអត់ធ្មត់ស៊ូទ្រាំ និងថែរក្សាខ្លួននៅទីកន្លែងសុវត្ថិភាព ខណៈពេលដែលការចាកចេញពីភូមិស្រុកគេហដ្ឋានពុកម៉ែបងប្អូនគឺជាការលះបង់ចាំបាច់មួយដើម្បីបញ្ចៀសហានិភ័យនៃការប្រយុទ្ធគ្នា ដែលជួយសម្រួលឱ្យកងទ័ពរបស់យើងការពារទឹកដីដោយទឹកចិត្តមោះមុត និងអង់អាចក្លាហាន៕