(បន្ទាយមានជ័យ) នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៃឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើពិធីវេទិកាសាធារណៈជាមូលដ្ឋានបងប្អូនប្រជាពលរដ្ឋ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហុក គឹមធួន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៃឃុំស្រះរាំង និងជាប្រធាននាយកដ្ឋានផែនការនិងស្ថិតិ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក បៀវថាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រះរាំង និងជាប្រធានមន្ទីរធម្មការ ខេត្តបន្ទាយមានជ័យ។
លោកស្រី វ៉ាន់ សុីញ្ញា អភិបាលរងស្រុកមង្គលបូរី បានលើកឡើងថា វេទិកាសាធារណៈនាពេលនេះ មានសារសំខាន់ណាស់ចំពោះបងប្អូនដែលបានចូលរួម សូមធ្វើការលើកឡើង ពីបញ្ហា កង្វល់ បញ្ហាប្រឈម សំណើ សំណូមពរ និងបញ្ហាផ្សេងៗទៀត ក្នុងអង្គវេទិកាសាធារណៈនេះ ដើម្បីបាន ចំលេីយវិញពីសំណាក់ មន្ត្រីពាក់ព័ន្ធជាពិសេស គណៈអធិបតី ដើម្បីធ្វើការដោះស្រាយឆ្លើយតបនូវអ្វីដែលបងប្អូនជើងក្នុងមូលដ្ឋានកំពុងរស់នៅ ព្រោះថា គោលបំណងនៃអង្គវេទិកានៅថ្ងៃនេះ គឺដើម្បីលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តាមរយៈសកម្មភាពថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងការជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងរកអំពីជីវភាពរស់នៅ ស្តាប់នូវកង្វល់បញ្ហាប្រឈមផ្សេងៗទៀត នៅក្នុងមូលដ្ឋាន។
ឯកឧត្ដម ហុក គឹមធួន បានមានប្រសាសន៍កោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារៈកិច្ចបម្រើប្រជាពលរដ្ឋដោយស្មោះ គិតគូរពីសុខទុក្ខ ដោះស្រាយរាល់បញ្ហាប្រឈមមួយចំនួន ដែលបានកើតឡើង ជាពិសេស ភូមិ ឃុំ មានសុវត្ថិភាព ចូលរួមសហការទាំងអស់គ្នាទប់ស្កាត់ បទល្មើស ដូចជាឆក់ត្រីលួច គ្រឿងញៀន និងបញ្ហាក្មេងទំនើងជាដើម៕