សិក្ខាសាលាវគ្គរំលឹកស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់ឃុំ/សង្កាត់ និងការិយាល័យអប់រំក្រុង -ស្រុក ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៥ មូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាលរំលឹក ស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលឃុំ សង្កាត់ និងការិយាល័យអប់រំក្រុង ស្រុក ក្រោមអធិបតីភាព លោក ហួ តុលា អគ្គនាយករងមូលនិធិជាតិជំនួយសង្គម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និងលោក ឃូ ពៅ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

លោក ដុំ ចាន់ធុល ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ បានឡើងថា ខេត្តបន្ទាយមានជ័យ មាន ៧ស្រុក និងក្រុង២ មាន ១០សង្កាត់ ៥៧ឃុំ និងមានមូលដ្ឋានសុខាភិបាលសាធារណៈចំនួន ៧៧ មានប្រជាជន ២០១.៣៨៣គ្រួសារ ព្រមទាំងមានគ្រួសារកំពុងទទួលផលពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចំនួន ៣៩.៦២២គ្រួសារ។ បើពិនិត្យលើទិដ្ឋភាពជារួម ខេត្តបន្ទាយមានជ័យ ជាខេត្តមួយដែលមានគ្រួសារកំពុងទទួលផលច្រើន ក្នុងចំណោមរាជធានី ខេត្តទាំង ២៥ ហេតុនេះ សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ពិតជាត្រូវមានទំនួលខុសត្រូវខ្ពស់ ដើម្បីសម្របសម្រួលដល់ដំណើរការអនុវត្តកម្មវិធីនានា ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួនឱ្យបានគត់មត់ ពិសេស កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។

លោក ឃូ ពៅ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលពិតជាបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់គាំទ្រដល់ដំណើរការ នៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ពិសេស កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក និងត្រូវបានបិទបញ្ចប់ស្របតាមស្ថានភាពប្រសើរឡើង នៃស្ថានភាពសេដ្ឋកិច្ច និងប្រទេសជាតិទាំងមូល។ លោក គ្រប់កម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តបន្ទាយមានជ័យបាននឹងកំពុងគាំទ្រ ជំរុញ និងយកចិត្តទុកដាក់ជាប់ជាប្រចាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងអាចសម្រេចបាននូវសមិទ្ធផលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

លោក ហួ តុលា អគ្គនាយករងមូលនិធិជាតិជំនួយសង្គម បានមានប្រសាសន៍ក្នុងឱកាសបើកវគ្គរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ ស្វាហាប់ របស់ សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានកំណត់ច្បាស់នូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ ក្នុងនោះ មានក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ជាសេនាធិការទទួលខុសត្រូវអនុវត្ត កម្មវិធីទី៣ «ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន»។ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីនេះ ដើម្បីជួយទ្រទ្រង់ និងផ្តល់ការគាំពារទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ជាពិសេស គ្រួសារក្រីក្រ សមាជិកមានភាពងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ទៅតាមស្ថានភាពជាក់ស្តែងនៃវិបត្តិ ឬគ្រោះអាសន្ន នៅគ្រប់ទីតាំងភូមិសាស្រ្តទូទាំងប្រទេស ដែលនឹងគ្របដណ្តប់លើប្រជាជនសរុបប្រមាណ ៤,៣លាននាក់។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ជាកម្មវិធីមានលក្ខណៈ ឆ្លើយតបគ្រប់ជ្រុងជ្រោយស្របទៅនឹងតម្រូវការ របស់គ្រួសារក្រីក្រ និងសមាជិកងាយរងគ្រោះ ចាប់តាំងពីពេលចាប់កំណើតក្នុងផ្ទៃ រហូតដល់មរណភាព និងជួយពង្រឹងស្ថានភាពគ្រួសារ កសាងសង្គមដែលមានភាពធន់ ព្រមទាំង រួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន បន្ទាប់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានបិទបញ្ចប់ជាស្ថាពរ។គិតមកត្រឹមពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥នេះ មានគ្រួសារកំពុងទទួលផលពីកម្មវិធីជាតិជំនួយសង្គមសរុបចំនួន ៧៣៣.១៤៩គ្រួសារ និងមានសមាជិកគ្រួសារ ដែលមានភាពងាយរងគ្រោះ ដូចជា ស្រ្តីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុ ៦០ឆ្នាំឡើង អាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ សរុបចំនួន ១.០៧៨.៥៤៩នាក់ និងបានចំណាយថវិកាសរុប ៥៧៥ប៊ីលាន ១០៥លាន ២២ពាន់រៀល ស្មើនឹងទំហំប្រមាណជាង ១៤៣.៧៧លានដុល្លារអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *