បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលស្ថានភាពទឹក និងផលប៉ះពាល់ដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រៃទទឹង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាស ចុះពិនិត្យមើលស្ថានភាពទឹកពេលនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ជុំវិញផលស្រូវរងផលប៉ះពាល់មកលើឃុំទាំងពីរខាងលើនេះ បណ្ដាលមកពីជំនន់ទឹកភ្លៀងធ្លាក់រយៈពេល៥ថ្ងៃហើយមកទល់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ពុំមានភ្លៀងធ្លាក់ទេ ដូច្នេះផលស្រូវប្រភេទស្រូវធ្ងន់ដែលរងផលប៉ះពាល់ នោះវាមិនមានការខូចខាតឡើយ។ ជាមួយគ្នានេះអាជ្ញាធរ ស្រុកមង្គលបូរី និងមន្ត្រីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះអន្តរាគម រំដោះជំនន់ទឹកភ្លៀងចេញពីស្រែទាំងនោះហើយដែរ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា ផលស្រូវរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះស្ថិតនៅចំណុចវាលស្រែ ថ្ងាន់ទ្រេត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី សរុប១៦៧ហិកតា ក្នុងនោះក៏មានឃុំភ្នំតូច រងផលប៉ះពាល់ ៥០ហិកតាផងដែរ៕