(ខេត្តកំពង់ចាម)៖ព្រះរាជពិធី រុក្ខទិវា ៩ កក្កដា បានប្រារព្ធឡើងនៅកសិដ្ឋានផលិតពូជដំណាំដីខ្ពស់ ស្ថិតនៅភូមិកសិដ្ឋាន ឃុំបុសខ្នុរស្រុកចំការលើ ដោយធ្វើឡើងអ្នកព្រឹកថ្ងៃទី៩កក្កដា ឆ្នាំ២០២៥ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការអញ្ជើញអមព្រះរាជដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនមួយចំនួនទៀត។ ជាមួយនោះមានការចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ដោយលើកឡើងថា: គណៈអភិបាលខេត្តព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម និងក្នុងនាមរូបលោកផ្ទាល់សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របីនិងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា–ថៃ ដោយសន្តិវិធីតាមយន្តការការទូតនិងច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាគឺជាចំណាត់ការប្រកបដោយភាពចាស់ទុំ ខាងនយោបាយក្នុងកិច្ចការពារឯករាជ្យអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត បានរំលឹកថា នាពេលកន្លងទៅក្នុងព្រះរាជពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០០០ នៅរមណីយដ្ឋានទឹកឆា ឃុំបឹងណាយ ស្រុកព្រៃឈរក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ។រហូតមកដល់សព្វថ្ងៃដើមឈើទាំងនោះបានរីកធំធាត់ចោលម្លប់ត្រឈឹងត្រឈៃ។ស្ថិតក្នុងឱកាសដ៏ពិសេសវិសាលនាពេលនេះគឺលើកទី៩ នៃព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពស់បំផុតសម្ដេចយាងជាព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់នៃការប្រារព្ធព្រះរាជពិធីរុក្ខិវា ៩កក្កដា ឆ្នាំ២០២៥ គឺជាព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តម ដែលទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាពិតជាចងចាំមិនភ្លេចនិងប្ដេជ្ញាបន្តរួមគ្នាស្ដារអភិរក្សប្រភពធនធានដ៏មានសារៈសំខាន់នេះ ឲ្យបានគង់វង្សតាមរយៈការជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតែមូលដ្ឋានស្ថាប័នរដ្ឋវិស័យឯកជន ព្រះសង្ឃនៅតាមវត្តអារាម ដើម្បីចូលរួមសកម្មភាពដាំដើមឈើឲ្យបានច្រើន។សម្រាប់ឧត្តមប្រយោជន៍ជាតិនិងចូលរួមការពារបរិស្ថានធនធានធម្មជាតិពិសេសការបង្កើតគម្របបៃតង។
សម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់មានព្រះបន្ទូលថា ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះមហាវីរៈក្សត្រព្រះវររាជមាតាជាតិខ្មែរព្រះបរមរតនកោដ្ឋ បានផ្ដួចផ្ដើមរៀបចំពិធីរុក្ខទិវាជាចលនាជាតិ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅតាមខេត្តនានាក្នុងសម័យសង្គមរាស្ត្រនិយម ដើម្បីបំផុសនិងលើកទឹកចិត្តឲ្យកូនចៅជាទីស្រឡាញ់របស់ព្រះអង្គ ឲ្យចូលរួមថែរក្សាការពារព្រៃឈើនិងដាំដើមឈើនៅទូទាំងប្រទេស។ វិធីរុក្ខទិវាជាវប្បធម៌ដ៏ប្រសើរនិងជាចលនាជាតិមួយដ៏សំខាន់ក្នុងកម្មវិធីស្ដារនិងអភិរក្សធម្មជាតិស្របតាមគោលនយោបាយជាតិក្នុងគោលបំណងអភិរក្សនិងលើកស្ទួយនៅសម្បត្តិធម្មជាតិ ប្រកបដោយចីរភាពជាពិសេសរក្សាការពារព្រៃឈើ ដែលជាជម្រកដល់សំខាន់បំផុតរបស់សត្វគ្រប់ប្រភេទរក្សាទឹកនិងជីវៈចម្រុះ ទុកជាប្រយោជន៍សម្រាប់មនុស្សគ្រប់ជំនាន់និងជាការសន្សំបុណ្យកុសលដ៏ធំធេងសម្រាប់មនុស្សជាតិគ្រប់រូបផងដែរ៕