ខេត្តបន្ទាយមានជ័យ ៖លោកជំទាវ ជ័យ ណារី អ៊ុំរាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តបន្ទាយមានជ័យ នាចុងសប្តាហ៍នេះបានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទីមួយ ឆ្នាំ២០២៥ សាខាសមាគមនារីកម្ពុជាខេត្ត ដែលមានការអញ្ជើញចូលរួមពីសមាជិកមន្ទីរអង្គភាព ជុំវិញខេត្ត។ លោកស្រី រស់ សុផានី ប្រធានគណៈកម្មការប្រតិបត្តិសាខាសមាគមនារីកម្ពុជាខេត្ត និងលោកស្រី ម៉េង គឹមហ៊ួយ អនប្រធានអចិន្ត្រៃយ៍គណៈកម្មការប្រតិបត្តិ បានមានប្រសាសន៍ថា សាខាសមាគមនារីខេត្ត នៅតែបន្តសកម្មភាពរបស់ខ្លួនជាប្រចាំ ពេលមានបងប្អូននារី នៅក្នុងសមាគមជួបនូវការលំបាក ករណីរំលោភ អំពើហិង្សា និងការជួញដូរជាដើម។ រយៈកាលកន្លងមក ដោយមានការគាំទ្រថវិកានិងសម្ភារៈពីលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យកែគឹមយ៉ាន លោកជំទាវ ជ័យ ណារី អ៊ុំរាត្រី និងលោកស្រី ជាសមាជិកតែងតែជួយឧបត្ថម្ភគាំទ្រយកចិត្តទុកដាក់ជាប្រចាំក្នុងការប្រមូលថវិកាដើម្បីធ្វើសកម្មភាពជួយដល់ជនរងគ្រោះជនងាយរងគ្រោះ។
លោកជំទាវ ជ័យ ណារី អ៊ុំរាត្រី បានមានប្រសាសន៍ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព មានគោលបំណងបំផុសនារីឲ្យរួបរួមសាមគ្គីឯកភាពគ្នា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់នារីនិងកុមារជួយដល់ស្ត្រីរងគ្រោះកុមាររងគ្រោះ ដោយប្រការផ្សេងៗ។ លោកជំទាវបានបន្តថា រយៈកាលកន្លងមក សមាគមនារីកម្ពុជានៃខេត្ត មានគោលការណ៍ បន្តអនុវត្តសកម្មភាពរបស់ខ្លួន ដែលប្រកាន់អព្យាក្រឹតភាព មិនប្រកាន់និន្នាការនយោបាយ។ ចុងក្រោយលោកជំទាវ បានធ្វើការកោតសរសើរដោយស្មោះចំពោះក្រុមប្រតិបត្តិ ដែលតែងតែខិតខំពុះពារគ្រប់ឧបសគ្គដើម្បីកៀងគររកថវិកាមានការទំនាក់ទំនងល្អ ជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីបានជាទុនជួយដោះស្រាយឲ្យបានទាន់ពេលវេលារាល់បញ្ហាដែលកើតមានចំពោះស្ត្រីនិងកុមារ៕