(បន្ទាយមានជ័យ)៖កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ណាក់ ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង២២ និង០០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចកាស៊ីណូដឹសេន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយជនសង្ស័យបានយកម៉ូតូម៉ាកស៊ូម័រអ៊ិច ពណ៌សលាយពណ៌ក្រហម ផលិតឆ្នាំ២០១៨ រួចយកទៅដាក់បញ្ចាំយកប្រាក់ដើរស៊ីចាយអស់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សុង សេងលី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ឃាត់ខ្លួនបាននៅវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។ ក្រោយសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់ជនរងគ្រោះខាងលើពិតប្រាកដមែន ។ ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕