ព័ត៌មានជាតិ

សម្ភោធដាក់​ឲ្យប្រើប្រាស់ នូវសមិទ្ធផលនានា ក្នុងវត្តរតនៈ​សុខសាន (ហៅវត្តអូរខៃដន) ក្រោមអធិ​បតី​ភាពឯកឧត្តម ហ៊ុន ម៉ាណែត

(បន្ទាយមានជ័យ)៖សមិទ្ធផលនានាជាច្រើនក្នុងបរិវេណវត្តរត្តនៈសុខសាន្ត(ហៅវត្តអូរខៃដន) ស្ថិត​នៅភូមិសុខសាន្ត សង្កាត់​និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមមានកុដិ ដងទង់ ថ្នល់បេតុង របង​វត្ត ព្រមទាំងផ្លូវ​ក្រាលគ្រោះក្រហមប្រវែង៥០០ម៉ែត្រ ត្រូវបានសម្ភោធដាក់​ឲ្យប្រើប្រាស់​ជាផ្លូ​វការនា​ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអ​ធិបតីភាពឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាកា​ររង​ កងយុទ្ធពលខេមរៈភូមិន្ទ និងជា​មេបញ្ជា​ការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ។

 

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល​ខេត្តបន្ទាយមានជ័យបានមាន​ប្រសាសន៍ថា កាលពីដើ​មឡើយ​នៅតំបន់ក្បែរវត្តអូ​រខៃដននេះគឺជា​តំបន់សង្គ្រាមបង្ហូរឈាម​រវាងខ្មែរនិងខ្មែរ ដោយ​សារមាន​ការ​បែក​បាក់ខ្វះភាព​សាមគ្គី តែ​បច្ចុប្បន្ននេះ​ដោយសា​រនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ធ្វើ​ឲ្យ​តំបន់​នេះក្លាយជា​តំបន់អភិវឌ្ឍន៍​លើគ្រប់វិស័យ មិនថាពុទ្ធចក្រឬអាណាចក្រ ដូចយើ​ង​មើល​ឃើញស្រា​ប់នៅ​សមិទ្ធផលនានា​ដែលកំពុងធ្វើពិ​ធីបុណ្យឆ្លង ក៏ដូច​ជាសមិទ្ធ​ផលដែល​កំពុងសាង​សង់។

 

មានប្រសាសន៍ថ្លែងក្នុង​ពិធីបុណ្យឆ្លងសមិទ្ធផល​ផ្សេងៗនាឱកាសនេះ​ផងដែរ ឯកឧត្តម ហ៊ុន ម៉ាណែ​ត បាន​ពាំនាំប្រសា​សន៍​ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណា​ក់សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហ​មកម្ពុជា ជានិច្ចកាលសម្ដេចទាំ​ងពីរតែ​ងតែនឹករលឹ​កខ្វាយខ្វល់​ពីសុខទុក្ខរបស់​បងប្អូនប្រជាព​លរដ្ឋគ្រប់កាលៈ​ទេសៈ ជាពិសេសសម្ដេច​តែងតែព្រួយបារម្មណ៍ពីបញ្ហាសុខុមាលភាព នៃជំងឺឆ្លង​កូវីដ១៩ ដែ​លរយៈ​កន្លងមកបានសម្លាប់មនុស្សជា​តិខ្មែរ​យើង​ទូទាំ​ងប្រទេ​ស​ប្រមាណជាង ៣​០​០​០​នាក់ តែ​នៅ​​បច្ចុប្បន្ននេះក​ម្ពុជា​បាន​ធូរស្រា​លពី​ការឆ្លងរីករាលដា​លនៃជំងឺនេះ ដោយសារប្រជា​ពលរដ្ឋយើងបានធ្វើកា​រចាក់វ៉ាក់សាំងការពារ។

 

ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាស​ន៍សំដែងនូវការកោតសរសើរ និងអរគុណអ​រព្រះគុណ​ចំពោះព្រះ​តេជគុណ ឯកឧត្តម លោ​កជំទាវ លោ​កឧកញ៉ា អស់លោកលោកស្រី សប្បុរសជ​នទាំងអ​ស់​រួមសាមគ្គីគ្នា ផ្ដើមក៏សា​ងបានរួចរាល់នៅសមិទ្ធផលជាច្រើនក្នុងបរិវេណវត្តអូខៃដននេះ សម្រា​ប់ព្រះសង្ឃបានប្រើប្រាស់​និងជាកន្លែងគោ​រពបូជា ជាទីសក្ការៈ ហើយក៏ជាចំណែ​កបុណ្យដ៏ធំមិ​នអាចកាត់ថ្លៃបាន។ ជាចុងក្រោយឯក​ឧត្តមបានធ្វើការអំ​ពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តា​អញ្ជើញទៅចាក់វ៉ា​ក់សាំងការពារជំងឺឆ្លងកូវីដ១៩ ឱ្យបានគ្រ​ប់ដូស ​ចាប់ពីអាយុ ៣ ឆ្នាំឡើងទៅ ព្រោះ​ថាកូវីដ១៩ នៅមិ​នទាន់ផុតរលត់ទៅណាឆ្ងាយពីយើងនៅឡើយ។ ចុងបញ្ចប់នៃ​កម្មវិធីគណៈធិ​បតីបានធ្វើកា​របំពាក់គ្រឿង ឥស្សរៈយស មេដាយ ប័ណ្ណថ្លែងអំណរគុណ ប័ណ្ណសរសើរដ​ល់ព្រះ​មន្ត្រីសង្ឃព្រះ​តេជគុណ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរសជន អាជីវករ ដែលមាន​សទ្ធាជ្រះថ្លាជួយកសាងនូវសមិទ្ធផ​លនានា និងបានចែកជូនអំណោយដល់​តាជីយាយជី ៥០នាក់ ម្នាក់ៗទទួលបានក្រណាត់ស ១ ដុំ និងថវិកាមួយចំនួនផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!