ព័ត៌មានជាតិ

មហាសន្និបា​ត​បង្កើ​តជាផ្លូវកា​រ សម្រាប់អាណត្តិទី១ ឆ្នាំ២០២៤-២០​២៨ ក្រោយទទួលបានជោ​គជ័យក្នុងកា​រប្រកួតកីឡាស៊ីហ្គេម ​លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ​ដោយឈ្នះមេដាយសរុប ១២​គ្រឿង

(ភ្នំពេញ)៖ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានរៀប​ចំអង្គមហាសន្និបាតបង្កើតជាផ្លូវការ សម្រាប់​អាណត្តិទី១ ឆ្នាំ២០២៤២​០២៨ ក្រោយទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅក​ម្ពុជា ដោយឈ្នះមេដាយសរុប ១២គ្រឿង ។ការ​បង្កើតស​ហព័ន្ធនៃប្រភេទ​កីឡា​ក្បាច់គុនប្រពៃ​ណីឥណ្ឌូនេស៊ី នៅកម្ពុជានេះ បន្ទាប់ពីថ្នាក់ដឹកនាំ​កីឡាបញ្ចស៊ីឡាត់ របស់​ឥណ្ឌូនេស៊ី បានជួបពិភាក្សាជា​មួយប្រមុខថ្នាក់ដឹកនាំ​កម្ពុជា និងថ្នាក់ដឹកនាំសហព័ន្ធកីឡាគុនល្បុក្កតោ កាល​ពីចុង​ឆ្នាំ២០២២ ហើ​យបានឈានដល់ការផ្លាស់ប្ដូរការហ្វឹកហា​ត់គ្នាទៅវិញទៅមក ដោយកម្ពុជា​បានបញ្ជូនប្រតិភូកី​ឡា ២៨រូប ទៅបង្ហាត់គុនល្បុក្កតោ និងហ្វឹកហាត់ក្បាច់គុនបញ្ចស៊ីឡាត់ផ្ទាល់ នៅទីក្រុងហ្សាកាតា ។ ជាលទ្ធផលបន្ទាប់ពីហ្វឹកហាត់ច្រើនខែ កីឡាបញ្ចស៊ីឡាត់កម្ពុជា ក៏ដណ្ដើ​មបានមេដាយមាស ២ និងសំរឹទ្ធ ១០គ្រឿង ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ។

បន្ទាប់​ពីទទួលបា​នភាព​ជោគជ័យដ៏ត្រចះត្រង់នេះ គួបផ្សំការមើលឃើញពីសក្ដានុពល នៃកីឡាបញ្ច​ស៊ី​ឡាត់​លើឆាកអន្ដរជាតិផងនោះ កម្ពុជាក៏បានសម្រេចបង្កើតជាសហព័ន្ធកីឡាប​ញ្ចស៊ីកម្ពុជា ជាផ្លូវ​ការមួយ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះ​ ឲ្យកាន់តែរីក​ចម្រើននៅកម្ពុជា សម្រាប់ត្រៀមកា​រប្រ​កួតថ្នាក់ជាតិ និងអន្ដរជាតិនានា ដូចជា​ការប្រកួតកីឡាស៊ីហ្គេម លើ​កទី៣៣ នៅថៃ នាឆ្នាំ២០២៥ ជាពិសេសដំ​ណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡា​យុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ខាងមុ​ខផងដែរ ។

សម្រាប់​សមាជិកគណៈកម្មាធិការប្រតិ​បត្តិ នៃសហព័ន្ធដែលទើបក​កើតថ្មីនេះ មានការចូ​លរួមជាស​ក្ខីភាពពីតំណា​ងក្រសួង​អប់រំ យុវជន និងកីឡា និងគណៈក​ម្មាធិការជាតិ​អូឡាំពិក​កម្ពុជា(NOCC) នេះ គឺ​សរុប​មានចំនួន ២៧រូប ក្នុងនោះ​មាន​លោក សេង ធារិន ​ជាប្រធានសហព័ន្ធ និងលោក​ សឹង្ហ ទុំ អនុប្រធាន​អចិន្ត្រៃយ៍ អ​មដោ​យអនុប្រធាន ៧រូប (លោក​ តឹក ប៊ុនធឿន, លោក​ ស៊ុ សំណាង, លោក​ បោន ប៊ិន, លោក​ នាក់ ថារ៉ែន, លោក ឈាង សុវណ្ណរតនា​, លោក សេង ប៊ុនសុង​ និងលោក Andy Steven) និងមានលោក អ៊ួ តារា​ ជាអគ្គលេខាធិការ អមដោយអគ្គលេខា​ធិការរង ២រូប និងលោក អឿន រស្មី ជាអគ្គហេរញ្ញិក ព្រមទាំងសមាជិក ១៤នាក់ផ្សេងទៀត ។

លោក​ សេង ធារិន បានប​ញ្ជាក់ថា ការបង្កើតស​ហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជានេះ មិនត្រឹមតែ​ការបំពេញ​ភាពស្របច្បាប់របស់ខ្លួន ក្នុងការដំណើរការជាផ្លូវការរបស់សហព័ន្ធកីឡាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងផ្ដល់ឱកាសដល់សមា​ជិកគណៈកម្មាធិការប្រតិបត្តិ មន្រ្តីបច្ចេកទេស កីឡាករ កីឡាការិ​នីមកពីទី​មជ្ឈដ្ឋានផ្សេងៗគ្នាមានស្មារតីរួមគ្នាក្នុងការរៀបចំឲ្យមានសហព័ន្ធកីឡាជាតិថ្មីមួយនេះ ដោយឈរលើស្មារតីនៃមហា​គ្រួសារកីឡា ដើម្បីជំរុញការអភិវឌ្ឍឲ្យកាន់តែរីកចម្រើន និងឈាន​ទៅរក​ការប្រកួតប្រជែងលើឆាកអន្ដរជាតិ ស្របទៅតា​មគោលនយោបាយ​អភិវឌ្ឍន៍វិស័យកីឡារ​បស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំជាសេនាធិការ ។

ឆ្លៀតឱកាសនោះ លោក​ ណយ ផាណា ក្នុងនា​មតំណាងដ៏ខ្ពង់ខ្ពស់លោ​កបណ្ឌិត ថោង ខុន ទេសរដ្ឋ​មន្ត្រី និង​ជាប្រធាន NOCC បានវាយតម្លៃខ្ពស់ ចំពោះស្មារតីរួមគ្នា នៅក្នុងអង្គមហាសន្និបាត ដែលមា​នការប្តេជ្ញាចិត្តខ្ពស់ ដើម្បីការអភិវឌ្ឍជំនាញកីឡានេះឲ្យមាន​ការរីកចម្រើន ដ្បិតនៅក្នុងព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កីឡាបញ្ចស៊ីឡាត់នេះ ក៏ទទួលបានជោគជ័យរួចមកហើយ ដោយដណ្ដើមបានមេដាយជូនជាតិរហូតដល់ ១២គ្រឿង ។ ដូច្នេះលោកសង្ឃឹមថា ការបង្កើតឲ្យ​មានសហព័ន្ធនេះ នឹងជំរុញឲ្យកី​ឡាបញ្ចស៊ីឡាត់​កាន់តែមានសក្ដានុព​លក្នុងការប្រជែងមេដា​យលើឆាកអន្ដរជា​តិបន្ថែមទៀតនាថ្ងៃអនាគត ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button