ព័ត៌មានជាតិ

ឯកឧត្តម សរ សុវណ្ណ អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំ“ជម្រុញការងារចុះបញ្ជីដីធ្លីបញ្ចប់នៅខេត្តបន្ទាយមានជ័យ ”

(បន្ទាយមានជ័យ) មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យបានរៀបចំបើកកិច្ចប្រជុំ“ជម្រុញការងារចុះបញ្ជីដីធ្លីបញ្ចប់នៅខេត្តបន្ទាយមានជ័យ ” ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយចូលរួមពីលោកអគ្គនាយករងនៃអគ្គ នាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត អនុប្រធាននាយកដ្ឋាន និងជាគ្រូបង្គោល ព្រឹទ្ធបុរសរង នៃមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី និងមានការចូលរួមពីលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ លោក អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ប្រធាន.អនុប្រធានក្រុមវាលទាំង ៨ក្រុម និងក្រុមនិស្សិតស្ម័គ្រចិត្ត នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ។

នៅក្នុងកិច្ចប្រជុំនេះលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យបានឡើងរាយការណ៍អំពីលទ្ធផលនៃការអនុវត្តការងារចុះបញ្ជីដីធ្លីមានជាប្រព័ន្ធដែលមន្ទីរសម្រេចបាន គិតតាំងពីចាប់ផ្ដើមរហូតដល់បច្ចុប្បន្ន និងជម្រាបជូនអំពីបញ្ហាប្រឈមនានាជូនអង្គប្រជុំទាំងមូលជ្រាប។

លោក អាង ណារិទ្ធ បានធ្វើការសំណូមពរដល់ប្អូនៗក្មួយៗចូលរួមសហការគ្នាប្ដេជ្ញាចិត្តអនុវត្តន៍ការងារពោល…ដោយខាំស្មៅជាមួយគ្នា ដើម្បីសម្រេចការងារនេះបានជោគជ័យក្នុងរយៈពេលបីឆ្នាំជូនប្រមុខរាជរដ្ឋាភិបាល។

ទន្ទឹមជាមួយគ្នានោះឯកឧត្តម សរ សុវណ្ណ បានថ្លែងអំពីការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងបានផ្ដល់អនុសាសន៍គន្លឹះក្នុងការអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក ដោយបានលើកឡើងថាប្រតិបត្តិការទាំងអស់ត្រូវប្រឹងប្រែងអនុវត្តការងារចំពោះមុខធំៗចំនួន២ គឺ ជម្រះការងារចាស់ និងជំរុញការងារថ្មី។ លើសពីនេះឯកឧត្ដម ប្រធានអង្គប្រជុំ បានបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងលើការផ្ដល់ធនធានមនុស្ស ថវិកា សម្ភារបរិក្ខារ និងបច្ចេកទេស សំដៅធ្វើយ៉ាងណាឱ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេស ត្រូវបញ្ចប់ក្នុងរយៈពេលបីឆ្នាំខាងមុខនេះ។

ជាមួយនេះឯកឧត្តម សរ សុវណ្ណបានបញ្ជាក់ជូនអំពីទិសរបស់ក្រសួងចំនួន៣ គឺការបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព ការបង្កើនជំនឿទុកចិត្តពីម្ចាស់ឆ្នោត និងការបង្កើនកិត្យានុភាព។ជាទីបញ្ចប់ឯកឧត្ដម ប្រធានអង្គប្រជុំ បានចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាប្រឈម និងការពន្លឿនការងារចុះបញ្ជីដីធ្លី ព្រមទាំងស្នើឱ្យមន្ត្រីក្រុមចុះបញ្ជីទាំងអស់ខិតខំប្រឹងប្រែងសិក្សាស្វែងយល់ចំណេះដឹងថ្មីៗបន្ថែមទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button