ថ្លើមធំ!! ហ៊ានក្លែងព្រះរាជសារព្រះមហាក្សត្រ និងសម្តេចយាយ ដើម្បីប្រយោជន៍ ត្រូវកម្លាំងនគរបាលជាតិ ចាប់ញាត់ទ្រុង

(ភ្នំពេញ)៖ជនសង្ស័យដែលបានក្លែងព្រះរាជសារព្រះមហាក្សត្រ និងសម្តេចយាយ ក្នុងការនិមន្តព្រះធម្មវនវាសី ចន្ទមុនី សម្តែងធម៌ទេសនាក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ត្រូវបានកម្លាំងនគរបាលជាតិ ចាប់ឃាត់ខ្លួនបានហើយ ។
ការចាប់ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងក្រោយពីមានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង បានបដិសេធចំពោះលិខិតក្លែងបន្លំជាព្រះរាជសារ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញសង្គម និងដោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ផងនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហាក់ ឧត្តម ភេទប្រុស នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំព្រះរាជសារពិតប្រាកដមែន ដោយបន្លំខ្លួនជាខ្សែព្រះញាតិវង្សទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែងនៅម្តុំវិទ្យាល័យសម្តេចជាស៊ីមសន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោកនៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនាក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន។
ករណីនេះផងដែរអគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណជនមានការប្រុងប្រយ័ត្នចំពោះការចែករំលែកនូវព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលអោយខ្លួនក្លាយជាឈ្នាន់បម្រើដល់ឧបាយកលរបស់ក្រុមជនឆបោក ព្រមទាំងត្រូវទទួលខុសត្រូវចំពោះច្បាប់ថែមទៀត៕ ដោយ ៖ លោក ម៉ង់ អង្គារ