លោក សិទ្ធិ ឡោះ អញ្ជើញចុះជួបសំណេះសំណាល ជាមួយមេបក្សភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក
![](https://www.kmctvonline.com/wp-content/uploads/2023/06/photo_2023-06-16_18-29-28-2-780x470.jpg)
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានគណកម្មាការមូលដ្ឋាន ខ.២៧ និង ជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រធាន អនុប្រធានបក្សភូមិ លេខាភូមិ ដើម្បីពង្រឹងការងារបក្សភូមិ នៅភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ការចុះជួបសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួម ពីលោក អនុប្រធានគណៈកម្មការ ខ២៧ លោកអនុប្រធានក្រុមការងារចុះជួយឃុំផ្គាំ ក្រុមការងារខ ២៧ចុះជួយភូមិថ្មគោល លោកប្រធាន អនុប្រធាននិងសមាជិកបក្សឃុំផ្គាំ លោកប្រធាន អនុប្រធាននិងលេខាបក្សភូមិថ្មគោល ។
នាឱកាសនោះលោក សិទ្ធិ ឡោះ បានមានប្រសាសន៍លើកឡើង០២ចំនុចធំៗ
១–ការរក្សាចាស់បង្កើនថ្មី កុំប្រើនយោបាយកាច់បំបាក់ –កំហុសឆ្គងប៉ុណ្ណា ត្រូវតែផ្សះផ្សាគ្នា ចាប់ដៃគ្នា កុំចង់ចាញ់ឈ្នះ ត្រូវឈរលើស្មារតីសាមគ្គីគ្នា រួមគ្នាដើម្បីរកដំណោះស្រាយ។–លោកមេភូមិថ្មី និងលោកមេភូមិចាស់ត្រូវចាប់ដៃគ្នាប្រឹងប្រែងធ្វើការ អត់អោនអធ្យាស្រ័យកិច្ចការខុសឆ្គងកន្លងមក ត្រូវជម្រះអោយអស់ រួមគ្នាគិត រួមគ្នាធ្វើដើម្បីសម្រេចភារកិច្ចជូនបក្ស។
–ត្រូវពន្យល់ បន្ទន់ចិត្តប្រជាពលរដ្ឋដែលពាក់ព័ន្ធដីការ៉េ២ អោយគាត់ស្ងប់អារម្មណ៍ ដើម្បីចូលរួមបោះឆ្នោតជូនគណបក្សយើង។
២–ការធ្វើចលនាអូសទាញ និងចិញ្ចឹមនយោបាយ:
–ធ្វើចលនាជីវភាពនយោបាយជាប្រចាំ ដើម្បីទាញយក សមាជិក គណបក្សផ្សេងៗដើម្បីអោបក្រសោបអោយគាត់មករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនយើង។
–ចំពោះអ្នកដែលស្ទើរស្ទាក់ក៏ត្រូវតែទទួលយកជៀសវាងការថ្នាំងថ្នាក់ ។
–ការលួងលោមចាស់ព្រឹទ្ធាចារ្យ ព្រោះគាត់ជាចាស់ទុំក្នុងគ្រួសារនីមួយៗ កូនចៅត្រូវតែស្តាប់បង្គាប់គាត់ ។ និងធ្វើការផ្ទៀងផ្ទាត់បញ្ជីឈ្មោះរបស់ សមាជិកបក្ស ទៅនិង គ.ជ.ប ដើម្បីត្រៀមពិនិត្យឯកសារ និងជម្រុងឱ្យបក្សភូមិចុះជម្រាបដល់សមាជិកដែលបាត់ ខូច ផុតសុពលភាពអត្តសញ្ញាណប័ណ រួសរាន់ទៅធ្វើថ្មី ។
ក្រោយពីបញ្ចប់ការជួបសំណេះសំណាល លោក សិទ្ធិ ឡោះ បានដឹកនាំក្រុមការងារ ចុះពិនិត្យ ស្ពានដែក និងមានគម្រោងជួសជុល ឡើងវិញដើម្បីមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ។
លោក សិទ្ធិ ឡោះ សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មការខ.២៧ ចុះជួយស្រុកស្វាយចេក ក៏បាននាំយកអំណោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសន៍រូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ ជាសារ៉ុងចែកជូនដល់មេបក្សភូមិ និងសមាជិកបក្សផងដែរ ៕