ពលរដ្ឋ ៩គ្រួសារ នៅឃុំបន្ទាយឆ្មា ស្រុកថ្មពួក ស្នើសុំថ្នាក់ដឹកនាំជួយអន្តរាគមន៍រឿងដីធ្លីជាង ៦ហិចតា ក្រោយពី ១គ្រួសារទទួបានប្លង់រឹង និងឈ្នះក្តីនៅតុលាការសាលាឧទ្ធរណ៍ខេត្តបាត់ដំបង
ខេត្តបន្ទាយមានជ័យ៖បញ្ហាទំនាស់ដីធ្លីជារឿងដ៏ស្មុគស្មាញហើយតែងតែកើតមានឡើងជាបន្តបន្ទាប់ជាក់ស្ដែងនៅក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ប្រជាពលរដ្ឋ ៩គ្រួសារ កើតទុក្ខមិនសុខចិត្តស្នើសុំការអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីមួយគ្រួសារ ទទួលបានប្លង់រឹងស្របច្បាប់កាន់កាប់លើដី ៦៧៩៣៣ម៉ែត្រការ៉េ ស្មើជាង៦ហិចតា នៅខាងក្រោយបន្ទាយទាហានលេខ៥១៤ និងឈ្នះក្តីពីរសាលាដំបូងខេត្ត រហូតដល់សាលាឧទ្ធរណ៍ខេត្តបាត់ដំបងនោះ ។
តំណាងប្រជាពលរដ្ឋ ៩គ្រួសារ មានឈ្មោះ អុឹម អឿត ,លោកតា ណៃ ម៉ៅ, លោកស្រី ឃឿង សុផល និងលោកយាយ សួង យុន បានអះអាងស្រដៀងៗគ្នាថា កាលពីដើមឡើយ ពោលគឺកាលពីឆ្នាំ១៩៩៧ ពួកខ្លួនទទួលបានដីព្រៃពីរដ្ឋ ក្នុងមួយគ្រួសារ ១ហិចតា កាប់គាស់ដោយកាំបិតនិងពូថៅ អាស្រ័យផលដាំដំណាំជារៀងរាល់ឆ្នាំពុំមានអ្នកណា មកហាមឃាត់ឡើយ ថែមទាំងបានធ្វើលិខិតបញ្ជាក់ពីប្រវត្តិដី ដោយអាជ្ញាធរមូលដ្ឋានចុះហត្ថលេខាទទួលស្គាល់ថែមទៀតផង រហូតដល់ឆ្នាំ២០០៧ ក្រោយមកដល់ឆ្នាំ២០១០ ទើបមានទាហានចូលមក ហើយក៏បានយកដីនោះធ្វើរបងបន្ទាយ ហើយពួកខ្លួនក៏បានឱ្យដីនោះទៅទាហាន។ទាហានក៏បានយកដីរបស់ខ្លួនទៅដាំដំឡូង ពួកខ្លួនមិនបានតវ៉ាអ្វីទេ ក្រោយមកទៀតនៅឆ្នាំ២០១២ មានខាងនិស្សិតបានចុះមកវាស់វែងធ្វើប្លង់ឲ្យប្រជាពលរដ្ឋ ពួកខ្លួនក៏បានចុះទៅពិនិត្យដែរ តែដោយសារដីរបស់ពួកខ្លួននៅក្នុងបន្ទាយទាហានទើបបានជាពួកខ្លួនមិនបានតវ៉ា ។ លុះនៅឆ្នាំ២០២០ ទាហានក៏បានចេញទៅវិញ ពួកខ្លួនក៏បានទៅធ្វើដំណាំលើដីនោះវិញ ស្រាប់តែមានឈ្មោះ យិន គឹមសន បានមកអះអាងថា ដីនោះជារបស់គាត់ទៅវិញ ថែមទាំងមានប្លង់រឹងស្របច្បាប់រហូតមានការប្ដឹងផ្ដល់គ្នាដល់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង កាត់ឲ្យឈ្មោះ យិន គឹមសន ទុកជាបានការដូចសាលាដំបូងខេត្ត ពោលគឺឈ្នះក្តីដដែល។ទើបបានពួកគាត់កើតទុក្ខមិនសុខចិត្តស្នើសុំឲ្យថ្នាក់ដឹកនាំជួយអន្តរាគមន៍ ។ពួកគាត់បានអះអាងបញ្ជាក់ថា ប្លង់រឹងដែលចេញឲ្យឈ្មោះ យិន គឹមសន ជាម្ចាស់អចលនៈវត្ថុនោះ មិនបានបញ្ជាក់ឈ្មោះអ្នកនៅជាប់ព្រំប្រទល់នោះឡើយ។
ពាក់ព័ន្ធករណីខាងលើនេះដែរលោកស្រី យិន គឹមសន ដែលជាម្ចាស់អចលនៈវត្ថុ ពោលគឺម្ចាស់ដីដែលមានប្លង់រឹងស្របច្បាប់នោះបានប្រាប់ភ្នាក់ងាយើងតាមទូរសព្ទថា ខ្លួនទិញដីនៅចំណុចខាងលើនេះពីរដ្ឋស្របច្បាប់ ហើយបញ្ជាក់ឈ្មោះព្រំប្រទល់ត្រឹមត្រូវ មិនដូចការចោទប្រកាន់របស់ពលរដ្ឋនោះឡើយ ។យើងដឹងហើយការចុះបញ្ជីដីធ្លីនីមួយៗបើមិនមានឯកសារគ្រប់គ្រាន់ អាជ្ញាធរមិនដឹងឮ អ្នកពាក់ព័ន្ធមិនចូលរួមក៏មន្ត្រីជំនាញមិនធ្វើឲ្យដែរ ។ហើយម្យ៉ាងវិញទៀតការដាំដំណាំលើដីស្របច្បាប់របស់លោកស្រីនោះ បើមិនមានការយោគយល់ទេនោះ ម៉្លេះលោកស្រី ដាក់គ្រឿងចក្រឈូសឆាយអស់ទៅហើយ។
ជុំវិញរឿងរ៉ាវខាងលើនេះដែរលោក ទិត ខែត មេភូមិថ្មដែកកេះ និងលោក ហេង សុភ័ក្ក្រ មេឃុំបន្ទាយឆ្មា បានប្រាប់តាមទូរសព្ទនាថ្ងៃទី១៣ ខែធ្នូ ថា លោកទើបតែឡើងជាមេភូមិ មេឃុំថ្មី លោកមិនបានដឹងរឿងទាំងនេះទេ ចំណែកមេភូមិចាស់នោះទទួលមរណៈភាពទៅហើយ ម្យ៉ាងវិញទៀតតាមដែលលោកទទួលបានព័ត៌មានគឺរឿងខាងលើនេះបានប្ដឹងផ្ដល់គ្នាឡើងដល់សាលាឧទ្ធរណ៍ ផុតដៃលោកទៅហើយ ។ដោយឡែកលោកអភិបាលស្រុកថ្មពួក មិនអាចសុំការពន្យល់ណាមួយបាននោះទេដោយសារខលទូរសព្ទមិនចូល៕ ព័ត៌មានលំអិតសូមស្តាប់ការលើកឡើងរបស់ប្រជាពលរដ្ឋដែលមានខ្លឹមដូចខាងក្រោម៖