សម្តេចតេជោ ហ៊ុន សែន ៖ នាយករដ្ឋមន្ត្រី ឬ ប្រធានាធិបតីរបស់ប្រទេសអ្នកមាន ពេលឡើងកាន់តំណែង គឺមានអ្វីៗសព្វបែបយ៉ាង ដែលខុសពីកម្ពុជា គឺពេលឡើងមកត្រូវប្រឹងកសាងប្រទេសទាំងដៃមានរបួស
(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នាឱកាសនោះសម្តេចតេជោ បានសម្តែងការរីករាយ និងមានមោទនភាពចំពោះសមិទ្ធផលផ្នែកសុខាភិបាល ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្លែងអំណរគុណដល់បណ្ដាសប្បុរសជនទាំងអស់ដែលបានចូលរួមក្នុងការកសាងនូវអគារមជ្ឈមណ្ឌលពហុឯកទេស នៃមន្ទីរពេទ្យកាលម៉ែតនៅពេលនេះ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការកសាងអគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែតនេះ ពិតជាមានទំនាក់ទំនងជាមួយសម្តេចយពិតប្រាកដមែន ដែលកាលណោះសម្តេចបានយកម្តាយក្មេកសម្តេចមកសង្គ្រោះនៅទីនេះ ហើយក៏បានមើលឃើញពីតម្រូវការចាំបាច់នៃមន្ទីរពេទ្យកាល់ម៉ែត្រនេះ ដូច្នេះទើបសម្រេចបញ្ចេញថវិការដ្ឋ និងមានការចូលរួមពីបណ្ដាសប្បុរសជនជាច្រើនទៀតផងដែរ។
សម្តេចតេជោបានមានប្រសាសន៍បន្តថា ការសាងសង់មន្ទីរពេទ្យនេះបានប្រើប្រាស់ថវិកាសរុប សម្រាប់ផ្នែកអគារអស់ចំនួន៧០ លាន ៣សែនដុល្លារ និងចំណាយចំនួន១១លាន ៣សែន ទៀតដុល្លារទៀត ទៅលើសម្ភារៈបរិក្ខា ដូច្នេះការសាងសង់សរុបជាង៨២លានដុល្លារ ខណៈថវិកានៃការសាងសង់មន្ទីរពេទ្យនេះ គឺជាថវិកាផ្សាភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។សម្ដេចតេជោបានមានប្រសាន៍បញ្ជាក់ថា ការកសាងបាននូវមន្ទីរពេទ្យដែលមានសមត្ថភាពសង្គ្រោះ ពិនិត្យព្យាបាលនេះ គឺបានជួយកម្ពុជា ក្នុងការបង្កើតបាននូវជំនឿទុកចិត្តនៃអ្នកការទូតដែលមកធ្វើការនៅកម្ពុជា បង្កើតបាននូវជំនឿទុកចិត្តសម្រាប់វិនិយោគិននានា និងបង្កើតបាននូវជំនឿទុកចិត្ត សម្រាប់ទេសចរ ដែលមកកាន់កម្ពុជាផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា វិស័យឯកជននៅក្នុងប្រទេសកម្ពុជា ក៏បានចូលរួមចំណែកជាច្រើនក្នុងការជួយដល់រាជរដ្ឋាភិបាល និងប្រជាជនផងដែរ ទាំងវិស័យសុខាភិបាល ការងារ និងវិស័យជាច្រើនទៀត។ ជាថ្មីម្ដងទៀតសម្ដេចតេជោបានមានប្រសាសន៍ទៅកាន់វិស័យសុខាភិបាលថា ពេលដែលយើងមានកន្លែងធ្វើការស្អាត និងទំនើបហើយនោះ យើងត្រូវតែមានការពង្រឹងសមត្ថភាពធនធានមនុស្សរបស់យើងឲ្យរឹងមាំ ជាពិសេសចំណេះជំនាញផ្នែកពេទ្យឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីបម្រើសេវាសុខភាពជូនដល់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ និងជំជឿទុកចិត្តពីអ្នកជំងឺ។
ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់មិត្តបរទេសទាំងអស់អញ្ជើញចូលរួមកម្មវិធីព្រឹកនេះ សូមឱ្យក្រឡេកទៅមើលសមិទ្ធផលដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ដែលបានឆ្លងកាត់នូវការលំបាកជាច្រើនចាប់តាំងពីបានដៃទទេមក។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា នាយករដ្ឋមន្ត្រី ឬ ប្រធានាធិបតីរបស់ប្រទេសអ្នកមាន ពេលឡើងកាន់តំណែង គឺមានអ្វីៗសព្វបែបយ៉ាង ដែលខុសពីកម្ពុជា គឺពេលឡើងមកត្រូវប្រឹងកសាងប្រទេសទាំងដៃមានរបួស ៕