រដ្ឋបាលខេត្តតាកែវ ប្រារព្ធទិវាជាតិ នៃការចងចាំ ២០ឧសភា បង្សុកូល ឧទ្ទិសកុសលគោរពជូនដល់ដួងវិញ្ញាណក្ខន្ធវិរៈយុទ្ធជន វិរៈយុទ្ធនារី នៅវត្តសុរភី ហៅ (វត្តកកោះ) ក្នុងស្រុកបាទី

ខេត្តតាកែវ៖នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធោការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង លោក លោកស្រីសមាជិក ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលរួមរៀបចំពិធីបង្សុកូល ឧទ្ទិសកុសលគោរពជូនដល់ដួងវិញ្ញាណក្ខន្ធវិរៈយុទ្ធជន វិរៈយុទ្ធនារី នាឱកាសប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ជាការរំលឹកនូវគុណូបការៈរបស់ឥស្សរៈជនស្នេហាជាតិ ដោយបានពលី បូជាអាយុជីវិត រំដោះប្រទេសជាតិ និងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ខ្មៅងងឹត យង់ឃ្នង ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៅវត្តសុរភី ហៅវត្ត កកោះ ស្ថិតភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានឱ្យដឹងថា ថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជាយើង នៅតែចងចាំទុក មិនអាចបំភ្លេចបានឡើយ នូវសម័យកាលខ្មៅងងឹត យង់ឃ្នង ដូចជាឋាននរក ដែលបានកើតឡើង នៅលើទឹកដី នៃមាតុភូមិកម្ពុជា នោះគឺរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័ពូជសាសន៍។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ការជួបជុំគ្នារបស់យើងនៅទីនេះ គឺដើម្បីរម្លឹកនូវគុណូបការៈ របស់បញ្ញវ័ន្ត អ្នកស្នេហាជាតិ និងប្រារព្ធពិធីបង្សុកូល ឧទ្ទិសមហាកុសល ជូនដល់ដួងវិញ្ញាណរបស់ លោកអ្នកទាំងនោះ នៅទីនេះ ក៏ដូចជានៅទូទាំងប្រទេស៕ ដោយ ៖ លោក ផូង បញ្ញា