លោក ឈឿន ក្រៃយ៉ុង ណែនាំដល់មន្ត្រីសុខាភិបាល ត្រូវបន្តខិតខំផ្តល់សេវាសាធារណៈ ដែលជាកិច្ចការដ៏សំខាន់ និងចាំបាច់ក្នុងការចូលរួមចំណែកលើកកម្ពស់សុខភាពប្រជាជន និងការកាត់បន្ថយភាពក្រីក្រ

(បន្ទាយមានជ័យ) ៖ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣។
ពិធីនេះបានធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួម លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក–លោកស្រី អនុប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានអង្គការដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្ត ប្រធានការិយាល័យចំណុះមន្ទីរ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែកក្រុង/ ស្រុក ប្រធានមណ្ឌលសុខភាព។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបានមានប្រសាសន៍ថា ៖ សមិទ្ឋផល និងវឌ្ឍនភាពដែលវិស័យសុខាភិបាលខេត្តបន្ទាយមានជ័យ សម្រេចបានក្នុងឆ្នាំ២០២២ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល មានការលុបបំបាត់ជំងឺមួយចំនួន កាត់បន្ថយបន្ទុកជំងឺផ្សេងៗ និងការលើកកម្ពស់សុខភាពប្រជាជនជាលំដាប់ និងបានបង្កើនបរិយាកាសអំណោយផល ដល់ការពង្រឹងប្រព័ន្ធសុខាភិបាល ក្នុងនោះរួមមានទាំងការបង្កើនចំនួនមន្ត្រីសុខាភិបាល ជាពិសេសគ្រូពេទ្យ និងបុគ្គលិក បច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ការចូលរួមកែលំម្អហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត ការផ្គត់ផ្គង់ ឱសថ បរិក្ខាពេទ្យ ការបំពាក់ឧបករណ៍ពេទ្យ និងបច្ចេកវិទ្យា។
នាឱកាសនោះ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត ក៏បានក៏ថ្លែងនូវការកោតសរសើចំពោះមន្ត្រីសុខាភិបាល ដែលបានខិតខំប្រែងអស់កម្លាំងកាយចិត្ត លើផ្នែកសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសវរកងទ័ព អាវស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ–១៩ រហូតទទួលបានជោគជ័យ លើការអនុវត្តនូយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ–១៩ ដែលដាក់ចេញនូវយុទ្ធសាស្រ្តដ៏មុតស្រួចរបស់ប្រមុខរាជដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរិះរកវ៉ាក់សាំងការពារជំងឺកូវីដ–១៩ ចាក់ជូនពលរដ្ឋកម្ពុជា រួមទាំងជនបរទេសដែលស្នាក់នៅកម្ពុជា ដោយឥតគិតថ្លៃ ឱ្យរួចផុតពីជំងឺរាលតកបាតសកលកូវីដ–១៩។
ជាមួយនិងការសម្រេចបានជាសម្មទិផលនេះ ក្នុងនាមរដ្ឋបាលខេត្ត លោក ឈឿន ក្រៃយ៉ុង ក៏បានធ្វើការណែនាំដល់មន្ត្រីសុខាភិបាលត្រូវបន្តខិតខំផ្តល់សេវាសាធារណៈ ដែលជាកិច្ចការដ៏សំខាន់ និងចាំបាច់ក្នុងការចូលរួមចំណែកលើកកម្ពស់សុខភាពប្រជាជន និងការកាត់បន្ថយភាពក្រីក្រ ដូច្នេះ ទាមទារឱ្យមានការចូលរួមគាំទ្រពីផ្នែកពាក់ព័ន្ធរួមទាំងវិស័យឯកជន និងអង្គការដៃគូព្រមទាំងការគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់។ ទន្ទឹមនឹងនេះ ត្រូវចូលរួមក្នុងការវិនិយោគវិស័យសុខាភិបាលឱ្យបានខ្លាំងក្លា និងទាមទារឱ្យមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់លះបង កម្លាំងកាយចិត្ត ភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ៕