ក្លែងបន្លំជាកងរាជអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ និងកាន់កាប់អាវុធខុសច្បាប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

(ភ្នំពេញ)៖ជនសង្ស័យម្នាក់ក្លែងបន្លំជាកងរាជអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ និងកាន់កាប់អាវុធខុសច្បាប់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះកោសជប់ម៉ាស្សា ផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះ ស៊ី កប អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានក្លែងពាក់ឯកសណ្ឋានអាវុធហត្ថដាក់ឈ្មោះ ហេង សុភក្រ្ក និងពាក់ស័ក្ដិថ្នាក់អនុសេនីយ៍ឯក កាន់កាប់អាវុធខ្លី១ដើម ម៉ាកK៥៤ លេខ១៩៥២ បង់១ គ្រាប់៧គ្រាប់ អាឌី១គ្រឿង ស្រោមកាំភ្លើង១ ម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JV-2940 ធ្វើសកម្មភាពដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។
ក្រោយពីឃាត់ខ្លួនសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានក្លែងបន្លំឯកសណ្ឋានកងរាជអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕