ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសួរសុខទុក្ខកងទ័ពរងរបួស នៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា -ជប៉ុន ស្រុកមង្គលបូរី

បន្ទាយមានជ័យ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរ ដោយ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្ត នារសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពដែលរងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនវីរកងទ័ពរងរបួសទាំងពីររូប។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានទទួលការផ្ដាំផ្ញើពីយុទ្ធជនទាំងពីររូប ដើម្បីថ្លែងអំណរគុណសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការយកចិត្តទុកដាក់កងទ័ពជួរមុខ ហើយជូនពរឱ្យសម្ដេចទាំងពីររក្សាសុខភាពល្អ បន្តដឹកនាំប្រទេសជាតិ។

ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងគោរពកងកម្លាំងទាំងអស់ ដែលបានធ្វើការលះបង់ខ្ពស់ ដោយភាពអង់អាច និងឆន្ទៈមោះមុត ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៕

Leave a Reply

Your email address will not be published. Required fields are marked *