បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនបងប្អូនជនភៀសសឹក មកពីតំបន់សមរភូមិមុខជួរភ្នំដងរែក និងប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ ដែលបានភៀសខ្លួនមកទីតាំងមណ្ឌលសុវត្ថិភាព នៅស្រុកថ្មពួក ជាង៤០០គ្រួសារ។
ក្នុងឱកាសនោះឯកឧត្តមបានពាំនាំប្រសាសន៍ផ្តាំផ្ញើសារសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់បងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ដោយក្ដីនឹករលឹក។
ក្នុងនោះឯកឧត្តមក៏បានពន្យល់ដល់បងប្អូនប្រជាពលរដ្ឋអំពីហេតុការណ៍នៃការឈ្លានពានរបស់ភាគីថៃ ដែលផ្ទុះអាវុធមកលើកម្ពុជាមុន រំលោភបំពានលើដែនអធិបតេយ្យភាពទឹកដីរបស់កម្ពុជា ហើយថែមទាំងប្រឌិតចោទកម្ពុជាថា ជាអ្នកបង្កការផ្ទុះអាវុធមុន លាបពណ៌មកកម្ពុជា ដែលជាប្រទេសរងគ្រោះ។
ឯកឧត្ដមក៏បានមានប្រសាសន៍ផងដែរថា សម្តេចមហាធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ លោកតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងគ្រាអាសន្ននេះសម្តេចបានចាត់ក្រុមការងារ ដើម្បីចុះជួបដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្ដមក៏បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជឿជាក់ទៅលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកងទ័ពដែលកំពុងតែបំពេញភាកិច្ច ដ៏អង់អាចក្លាហាន លះបង់នូវសាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពទឹកដី នៅសមរភូមិមុខ៕