បន្ទាយមានជ័យ ៖ សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ រួមនឹងសប្បុរសជន នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកនូវអំណោយសម្ភារៈ មានអង្ករគ្រឿងឧបភោគបរិភោគ ជូនកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែននៅតំបន់ប្រាសាទតាមាន់ ក្នុងខេត្តឧត្តរមានជ័យ។
ការនាំយកអំណោយទៅជូនដល់កងទ័ពនេះដឹកនាំដោយឧកញ៉ា អ៉ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្ម រួមនឹងក្រុមការងារ ព្រមទាំង មានការចូលរួមពីឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក ស៊ីអ៉ីអូ ម៉ាស្ទ័រ អាជីវករ ម្ចាស់សហគ្រាស និងសប្បុរសជន មកពីបណ្តារខេត្តផងដែរ។
ក្នុងឱកាសនោះឧកញ៉ា អ៉ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្ត ក៏ដូចជាក្រុមការងារ ក៏បានថ្លែងអំណរគុណទៅដល់ កងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅក្នុងតំបន់ប្រាសាទតាមាន់ ដែលរងការឈ្លានពានពីភាគីថៃចង់បានប្រាសាទធ្វើជារបស់ខ្លួន។
ឧកញ៉ា អ៉ឹង វណ្ណម៉ៅ ក៏បានបញ្ជាក់ថា កងទ័ពគឺជាខឿន ដ៏រឹងមាំការពារសុខសន្តិភាព ការពារបូរណភាពទឹកដីពីការឈ្លានពានពីសត្រូវ ដែលចង់លេបត្របាក់ទឹកដីកម្ពុជា។ លោកបន្តថា ជាការចូលរួមចំណែកលោក ព្រមទាំងក្រុមការងារ ក៏ដូចជាសប្បុរសជន ចំណាយថវិកានាំយកនូវអំណោយទាំងអស់នេះដើម្បីផ្តល់ជូនកងទ័ពសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃកម្ពុជា។
លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ក៏បានថ្លែងអំណរគុណដល់សប្បុរសជនដែលបាននាំយកនូវស្បៀងជូនដល់កងទ័ពជួរមុខដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ពិសេសនៅតំបន់ប្រាសាទតាមាន់។ លោកបានបញ្ជាក់ថា ការចូលរួមនេះគឺជាទឹកចិត្តយ៉ាងធំធេងក្នុងការផ្ដល់នូវកម្លាំងចិត្តមួយ ដល់កងទ័ព និងប្តេជ្ញាការពារបូរណភាពទឹកដីការពារប្រាសាទដូនតា ខ្មែរមិនឱ្យសត្រូវឈ្លានពានប្រាសាទនេះបានឡើយ។
សូមបញ្ជាក់ថា សម្ភារៈប្រគល់ជូនកងទ័ពជួរមុខប្រាសាទតាមាន់ រួមមាន អង្ករ៦០០គីឡូក្រាម, ទឹកស៊ីអ៉ីវ៥០យួរ, ទឹកត្រី ៥០យួរ, សៀង៣០គីឡូក្រាម, ទឹកបរិសុទ្ធ១០០យួរ,អាវភ្លៀង៣១០អាវ គ្រឿង ឧបភោគ បរិភោគ មួយចំនួនធំ សរុបថវិកា ១៣,៥៥៧,៣៨១រៀល និង៣៨៣ដុល្លារ។ ជាមួយនោះក្រុមកាការងារ បានបន្តដំណេីរនាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្ដល់ជូនកងកម្លាំងជួរមុខ វរសេនាតូចនគរបាលការពារព្រំដែនគោក ៧០២ ស្ថិតនៅភូមិគោកសង្កេីច ឃុំគោកមន ស្រុកបន្ទាយអំបិល ចំណុះស្នងការដ្ឋាននគបាលខេត្តឧត្តរមានជ័យផងដែរ៕