បងប្អូនប្រជាពលរដ្ឋនៅតែបន្តវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំខណ:មានការយកចិត្តទុកដាក់ពីក្រុមការងាររដ្ឋបាលខេត្តប៉ៃលិន

ប៉ៃលិន៖ រហូតមកដល់ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅតែបន្តវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារអន្តរជាតិព្រំខណ:មានការយកចិត្តទុកដាក់ពីលោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិន បានណែនាំនិងចាត់ក្រុមការងារ សមត្ថកិច្ចចម្រុះប្រចាំការនៅមាត់ច្រកទ្វារព្រំដែននេះ យ៉ាងយកចិត្តទុក្ខដាក់ និងជួយសម្របសម្រួលជូនដល់បងប្អូន ដែលត្រឡប់មកពីប្រទេសថៃ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ជាមួយនិងការវិលត្រឡប់នេះ លោកជំទាវបណ្ឌិតអភិបាលខេត្ត ប៉ៃលិនធ្លាប់មានប្រសាសន៍លើកឡើងថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការណែនាំ ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំ ដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ ត្រូវត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាពបឋម និងដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ជាពិសេសត្រូវជួយស្វែងរកការងារក្នុងស្រុកជូនដល់បងប្អូនពលករយើង។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ដោយសារស្ថានភាពព្រំដែនកាន់តែតឹងតែង និងដោយមានការអំពាវនាវពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារ គ្រប់ គ្រាន់ក៏ដោយហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរបានធ្វើដំណើរ ឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជាបណ្តើរៗ ដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្នការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ព្រមទាំងជួយ រកការងារជូនបងប្អូនពលករផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *