ចេញផ្សាយនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥
បន្ទាយមានជ័យ ៖ និស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ ដែលកំពុងសិក្សាឆ្នាំទី២ ក្នុងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម ចំនួន១៩នាក់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានចុះធ្វើកម្មសិក្សា ផ្ទះសំណាក់ ហាស់បី ក្នុងគោលបំណងស្វែងយល់អំពីនីតិវិធីនៃការគ្រប់គ្រងអាជីវកម្ម និងរបៀបរបបនៃការផ្តល់ សេវាកម្មដល់អតិថិជន។
ជាមួយការធ្វើបទបង្ហាញនោះដែរ កញ្ញា ឌី គីមហ៊ុន អ្នកគ្រប់គ្រងផ្ទះសំណាក់ ហាស់បី ក៏បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ចំពោះនិស្សិត ដែលអញ្ជើញមកទស្សនកិច្ច ក៏ ដូចធ្វើការសិក្សាស្វែងយល់អំពីការគ្រប់គ្រងពីសំណាក់ ហាស់ ៣ ដោយកញ្ញាក៏បានបង្ហាញអំពីលក្ខណៈទូទៅរបស់ផ្ទះសំណាក់ ដែលមានទីតាំងធំទូលាយ។ ដោយផ្ទះសំណាក់ ហាស់៣ ត្រូវបានបើកជាផ្លូវការ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ ដែលមានទីតាំងស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
កញ្ញា ឌី គីមហ៊ុន ក៏បានបញ្ជាក់ ពីសេវាកម្មរបស់ផ្ទះសំណាក់ ហាស់៣ គឺមានលក្ខណៈខុសប្លែកពីគេ ដោយរាល់បន្ទប់ទាំងអស់ សុទ្ធសឹងតែ នៅជាន់ផ្ទាល់ដី ដែលមានបីជម្រើសសម្រាប់អតិថិជន ក្នុងនោះគឺមានបន្ទប់គ្រែមួយ គ្រែពីរ និងបន្ទប់ វីអាយភី (VIP) លក្ខណៈគ្រួសារ ហើយការតុបតែងរៀបចំបរិវេណខាងក្រៅ និងខាងក្នុង គឺតុបតែងតាមបែបធម្មជាតិ អមទៅដោយរុក្ខជាតិបៃតង និងផ្កាផ្សេងៗ ហើយខាងក្នុង បន្ទប់ គឺមានការរៀបចំបែបសាមញ្ញ ប្រកបដោយភាពទាក់ដល់ភ្ញៀវដែលមកស្នាក់នៅប្រកបដោយផាសុកភាព។
បើតាមការបញ្ជាក់ពីលោក កាក់ ប៉េង ប្រធានដេប៉ាតឺម៉ង់ គ្រប់គ្រង់ពាណិជ្ជកម្ម ដែលបានដឹកនាំនិស្សិតចុះកម្មសិក្សាដោយផ្ទាល់នៅផ្ទះសំណាក់ ហាស់បី បានបញ្ជាក់អំពីគោលបំណង ដើម្បីស្វែងយល់អំពីនីតិវិធីនៃការគ្រប់គ្រងអាជីវកម្ម និងរបៀបរបបនៃការផ្តល់ សេវាកម្មដល់អតិថិជន។ ហើយលោកបន្តថា ការចុះកម្មសិក្សានេះសបញ្ជាក់ឱ្យឃើញអំពីការផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង ដែលអាចឱ្យនិស្សិតបានស្វែងយល់កាន់តែច្បាស់អំពីអាជីវកម្មនៅក្នុងតំបន់ក៏ដូចជាក្រៅតំបន់ផងដែរ៕