បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកជួយដល់កងទ័ពជួរមុខ ដែលកំពុងតែឈរជើងការពារតាមបន្ទាត់ព្រំដែន ខណៈ ស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មិនទាន់មានភាពធូរស្រាល សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឧកញ៉ា អ៊ឹង វណ្ណ ម៉ៅ ប្រធានសភាពាណិជ្ជកម្ម ខេត្ត ព្រមទាំងក្រុមការងារបាននាំយកអំណោយមាន អង្ករ ទឹកសុទ្ធ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់កងកម្លាំងទាំង៣រួមមាន ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កងកម្លាំងយោធភូមិភាគទី៥ ទីបញ្ជាការទិសទី១ បន្ទាយមានជ័យ ។
ក្នុងឱកាសនោះឧកញ៉ា អ៊ឹង វណ្ណម៉ៅ ក៏បានសំណេះសំណាល សួរសុខទុក្ខកងទ័ព និងបានថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ប្រពន្ធកូន ដើម្បីការពារជាតិមាតុភូមិ ពីការឈ្លានពានពីសត្រូវដែលចង់បានទឹកដីកម្ពុជា ខណៈដែលជម្លោះព្រំដែនរវាងកម្ពុជា-ថៃនៅតែបន្តអូសបន្លាយ។
ប្រធានសភា ពាណិជ្ជកម្មខេត្ត ក៏បានធ្វេីការជូនពរដល់កងកម្លាំងទាំងអស់ ដែលកំពុងបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន ជាពិសេសកងកម្លាំងដែលឈរជេីងតាមព្រំដែនក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ សូមមានសុខភាពល្អ ឈ្នះអស់មារសត្រូវទាំងឡាយដែលចង់បានទឹកដីកម្ពុជានៃយេីង។
ជាមួយគ្នានេះកងកម្លាំងទាំងបីស្ថាប័ន ក៏បានថ្លែងអំណរគុណទៅដល់សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដែលបានលះបង់ថវិកា ផ្ដល់នូវស្បៀង ជូនដល់កងទ័ពដែលកំពុងតែ ការពារ បូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។ ដោយការចូលរួមចំណែកនេះបានធ្វើឱ្យពួកគាត់កាន់តែទទួលបានភាពកក់ក្តៅ និងប្ដេជ្ញាការពារថែរក្សាបូរណភាពទឹកដីមិនឱ្យសត្រូវឈ្លានពាន ទឹកដីកម្ពុជាបានឡើយ។
ចំពោះអំណោយ និងសម្ភារៈដែលផ្តល់ជូនកងកម្លាំងរួមមាន ៖ ១-ស្នងការដ្ឋាននគរបាលខេត្ត អង្ករ ១តោនកន្លះ, ទឹកត្រី២០យួរ, ទឹកស៊ីអ៉ីវ២០យួរ, បារី១ប៊ិច, ទឹកសុទ្ធ១៥០យួរ រួមនឹងថវិកាមួយចំនួន, ២-បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អង្ករ១តោន, ទឹកសុទ្ធ១០០យួរ, ទឹកត្រី២០យួរ, ទឹកស៊ីអ៉ីវ២០យួរ
ថវិកាមួយចំនួន,៣-យោធភូមិភាគទី៥ ទីបញ្ជាការទិសទី១ អង្ករ២តោន, ទឹកសុទ្ធ២០០យួរ, ទឹកត្រី៣០យួរ, ទឹកស៊ីអ៉ីវ៣០យួរ, បារីមួយប៊ិច,ធូបមូស១កេសធំ រួមនឹងថវិកាមួយចំនួនផងដែរ៕