រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងប្រតិភូ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាល ជាមួយ មន្ត្រីរាជការ នៃមន្ទីរពាណិជ្ជក ម្ម និងសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តបន្ទាយមានជ័យ ក្នុងន័យផ្សាភ្ជាប់ការទំនាក់ទំនងល្អ រវាងថ្នាក់ដឹកនាំក្រសួង និងមន្ត្រីក្រោមឱវាទ។
លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងលោក មាស មោរ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត បានធ្វើរបាយការណ៍សង្ខេបបញ្ជាក់ថា ការគ្រប់គ្រងអាជីវកម្មរបស់មន្ទីរពាណិជ្ជកម្មខេត្ត បានចេញលិខិតបញ្ជាក់ប្រភពដើមទំនិញ នាំចេញកសិផលឆ្នាំ២០២១ ចំនួន ១,៥០៦ច្បាប់ ស្មើនឹង៣៧០,៧៤៨តោន គិតជាទឹកប្រាក់ ៣៥,៧៥៦,៦៥០ដុល្លារ ក្នុងនោះមានដំឡូងមី ១,៤៥៤ច្បាប់ ស្មើ ៣៦៣,៥០០តោន គិតជាទឹកប្រាក់១,០៧៥,៨៥០ដុល្លារ គ្រាប់ស្វាយចន្ទី ២២ច្បាប់ ស្មើ ៥,៥០៨តោន គិតជាទឹកប្រាក់ ៤,៥០៦,៨០០ដុល្លារ ម្ទេស ៣០ច្បាប់ស្មើ ១,៧៤០តោន គិតជាទឹកប្រាក់ ១៧៤,០០០ដុល្លារ។
ចំពោះសកម្មភាពរបស់សាខាការពារអ្នកប្រើប្រាស់ហៅកាត់ “កបប” បញ្ជាក់ថាៈ
១.ការត្រួតពិនិត្យទំនិញតាមទីផ្សារ សាខា កបប ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៅតាមបណ្ដាទីផ្សារ បានចំនួន ៦៩លើ។លទ្ធផលៈដកហូតបានទំនិញ ដែលមានភាពមិនប្រក្រតី (ទំនិញក្លែងក្លាយ ខូចគុណភាព ផុតកំណត់ រយៈពេលប្រើប្រាស់ មានសារធាតុគីមី និងសំណល់ថ្នាំកសិកម្ម) មានទម្ងន់សរុប ៤៩៥៦គីឡូក្រាម ដើម្បីបំផ្លាញចោលតាមនីតិវិធី។
២.ការបង្ក្រាបការក្លែងបន្លំៈសាខា កបប ខេត្តបន្ទាយមានជ័យ បានចុះឃ្លាំពិនិត្យតាមដានស្រាវជ្រាវស៊ើបអង្កេតអំពីគុណភាព សុវត្ថិភាពលើផលិតផល ទំនិញនិងសេវា នៅតាមឃ្លាំងស្តុកទំនិញ មធ្យោបាយដឹកជញ្ជូន និងទីតាំងផលិត ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ លទ្ធផលៈ ដកហូតបានទំនិញខូចគុណភាព ផុតកំណត់រយៈពេលប្រើប្រាស់រួមមានៈសាច់មាន់ចម្រុះ នំស្រួយ និងមីកញ្ចប់ ភេសជ្ជៈមាន ឬគ្មានជាតិសុរា អាកុលក្លែងក្លាយ និងសរសៃគុយទាវ សរុបមានទម្ងន់៧,៩៧១គីឡូក្រាម ដើម្បីបំផ្លាញចោលតាមនីតិវិធី។
ក្នុងនោះឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើការកោតសរសើរដោយស្មោះចំពោះមន្ត្រីទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច ដែលរដ្ឋបានកំណត់ទទួលបានជោគជ័យ និងសូមមន្ត្រីយើងបន្តជំរុញភូមិមួយផលិតផលមួយ ឲ្យបានឆាប់រហ័សទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ព្រមទាំងបញ្ចៀសដាច់ខាត ការយកកម្រៃសេវាក្រៅច្បាប់រដ្ឋបានកំណត់ បន្តជំរុញការគ្រប់គ្រងអាជីវករគ្រប់ប្រភេទ អោយមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ដែលក្រសួងពាណិជ្ជកម្មបានកំណត់លើសេវាផ្សេងៗ ត្រូវមានភាពច្នៃប្រឌិតខ្ពស់។
ទន្ទឹមនោះឯកឧត្តម បានស្នើឲ្យមន្ត្រីរាជការទាំងអស់ ត្រូវមានផែនការអនុវត្តបន្ត កសាងវិភាគ ធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីហានិភ័យ នៃទំនិញដែលចរាចរលើទីផ្សារ អង្កេតស្រាវជ្រាវ និងប្រមូលភស្តុតាងបទល្មើស បន្តពង្រឹងការត្រួតពិនិត្យ គុណភាព សុវត្ថិភាព ផលិតផលទំនិញ និងបង្ក្រាបការក្លែងបន្លំ នឹងបន្តពង្រឹងការត្រួតពិនិត្យ ភាពអនុលោម ផ្នែកគុណភាពនិងបរិមាណ ប្រេងឥន្ធនៈនៅតាមស្ថានី ព្រមទាំងពង្រឹងការវិភាគ គំរូផលិតផលស្រាស ស្រាថ្នាំ ឈើនិងផលិតផលសាច់។ល។ ជាចុងក្រោយឯកឧត្តមរដ្ឋមន្ត្រី បានបំពាក់មេដាយ ការងារនិងបានឧបត្ថម្ភដល់មន្ទីរពាណិជ្ជកម្ម ក្នុងពិធីជួបសំណេះសំណាលនេះ នូវថវិកាចំនួន២លានរៀលផងដែរ៕