ព័ត៌មានជាតិ

អតីតយុទ្ធជន ក្រុងប៉ោយប៉ែត ចំនួន៤៣២នាក់ ទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ផ្តល់គ្រឿងឥស្សរិយសការពារជាតិ មេដាយមាស មេដាយប្រាក់ និងថវិការ

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយសការពារជាតិជូនអតីតយុទ្ធជន ក្រុងប៉ោយប៉ែត ចំនួន ៤៣២នាក់ ក្នុងនោះមានមេដាយមាស ៧៩នាក់ មេដាយប្រាក់ ៣៥៣នាក់ និងថវិការក្នុងម្នាក់ចំនួន ៥ម៉ឺនរៀល។

ពិធីនេះបានធ្វើឡើងនៅអាគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត ឧត្តមសេនីយ៍ វរៈសេនីយ៍ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រមទាំងបងប្អូនអតីតយុទ្ធជន ជាច្រើនអ្នកផងដែរ ។

នាឱកាសនោះដែរលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាក្រុង បានអានរបាយការណ៍សង្ខេបអំពីលក្ខណៈភូមិសាស្ត្រ និងការងារគ្រប់គ្រងអតីតយុទ្ធជនកម្ពុជាក្រុង ជូនឯកឧត្តមគណៈអធិបតី និងលោក លោកស្រី ដែលបានអញ្ជើញចូលរួមនៅក្នុងអង្គពិធីទាំងមូល ដោយលោកបានបញ្ជាក់ថា ក្រុងប៉ោយប៉ែត គឺក្រុងមួយក្នុងចំណោមក្រុង ស្រុកទាំង៩ នៃខេត្តបន្ទាយមានជ័យ ស្ថិតនៅទិសពាយ័ព្យ និងមានចម្ងាយ ៤៨គីឡូម៉ែត្រ ពីរទីរួមខេត្ត ដែលមានព្រំប្រទល់
– ខាងជើង ជាប់នឹងស្រុកអូរជ្រៅ និងព្រះរាជាណាចក្រថៃឡង់ដ៏
– ខាងត្បូង ជាប់នឹងស្រុកម៉ាឡៃ និងព្រះរាជាណាចក្រថៃឡង់ដ៏
– ខាងកើត ជាប់នឹងស្រុកអូរជ្រៅ
– ខាងលិច ជាប់នឹងព្រះរាជាណាចក្រថៃឡង់ដ៏។ ក្រុងប៉ោយ ចែកចេញ ៥សង្កាត់ស្មើរនឹង ៣៨ភូមិ ដង់ស៊ីតេ ប្រជាជន ២៤៩នាក់ក្នុងមួយគីឡូម៉ែត្រក្រឡា ។ ការប្រកបមុខរបរចម្បងៗរបស់ប្រជាពលរដ្ឋទូទៅគិតជាភាគរយមាន ពាណិជ្ជកម្ម សេវាកម្ម សិប្បកម្ម ៧១.៣ % , បុគ្គលិកក្រុមហ៊ុន កម្មករ ៥.៥ % ,កសិកម្ម ២៣.២ % ។ ចំពោះ វិស័យកសិកម្ម ភាគច្រើនមាននៅសង្កាត់និមិត្ត ប្រជាពលរដ្ឋមួយចំនួនធំពឹងផ្អែកទៅលើការធ្វើស្រែចម្ការ ចិញ្ចឹមសត្វ និងខ្លះទៀត ធ្វើចំណាក់ស្រុកទៅធ្វើកម្មករនៅប្រទេសថៃ ។ ចំណែកការងារគ្រប់គ្រងអតីតយុទ្ធជនកម្ពុជាក្រុង កំពុងគ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារអតីតយុវជនមានចំនួន ៦៣៦នាក់ និងបានចូលជាសមាជិកសមាគមអតីតយុទ្ធជនមានចំនួន ៥២៤នាក់ និងអ្នកក្នុងបន្ទុក ៩៨៥នាក់ ក្នុងនោះមានគ្រួសារជនពលី ចំនួន ២០ គ្រួសារ ,គ្រួសារជនមរណ: ចំនួន ៩គ្រួសារ ,និវត្តជន ចំនួន ៣១៤នាក់ ,ជនបាត់បង់ ១នាក់ ,ជនពិការ ចំនួន១៨០នាក់ ក្នុងនោះរាជរដ្ឋាភិបាលបានបន្ថែមរបបសន្តិសុខសង្គម ៤កម្រិតផ្សេងៗគ្នាសម្រាប់អតីតយុទ្ធជនដែលមានប្រាក់ខែទាបបំផុត ចំនួន ៧៧ម៉ឺនរៀល ក្នុងមួយខែ និងបានឧបត្ថម ៥ម៉ឺនរៀល សម្រាប់បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងបានបន្ថែមថវិការចំនួន ២០ម៉ឺនរៀលក្នុងមួយខែជូនដល់អ្នកបម្រើជនពិការ(ប្រភេទ ក-១)មុនឆ្នាំ២០១៥ដោយគិតពីខែមករា ឆ្នាំ២០២៣ តមក។ ដោយឡែកការងារចាក់វ៉ាក់សាំង អតិយុទ្ធជន និងគ្រួសារអតីតយុទ្ធជនក្រុងប៉ោយប៉ែត ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៤ និងដុសទី៥ នៅតាមមណ្ឌលសុខភាព ចុះចាក់ផ្ទាល់តាមមូលដ្ឋាន ដោយក្រុមគ្រូពេទ្យរបស់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ។ លោក គាត ហ៊ុល បន្តថា អតីតយុទ្ឋជន ក្រុងប៉ោយប៉ែត ទទួលបានផ្ទះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាចំនួន ៤៤ខ្នង ក្នុងនោះផ្ទះមូលដ្ឋានចំនួន៩ខ្នង ផ្ទះមជ្ឈមណ្ឌលតេជោសន្តិភាព(ការ៉េពី)ចំនួន៣៥ខ្នង។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូពីសុខទុកបងប្អូនប្រជាពលរដ្ឋ ពិសេសអតីតយុទ្ធជន ដែលបានចូលរួមចំណែកយ៉ាងធំធេងកាលពីសម័សង្គ្រាមជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ខិតខំតស៊ូពលីជីវិត ដើម្បីប្រទេសជាតិ រហូតទទួលបានសុខសន្តិភាពពេញលិញ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូច្នេះរួមគ្នាការពារសន្តិភាពឲ្យបាន។ មានសុខសន្តិភាព ទើបមានថ្ងៃនេះ សន្តិភាពបានមកពីបានមកពីការខិតខំតស៊ូលះបង់គ្រប់បែបយ៉ាង របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះដើម្បីការពារសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីចំរើនជាងនេះទៀតសូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខាន ដែលមានសញ្ញារូបទេវតាបាចផ្កា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button