ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន ប្រុស ស្រី០២នាក់ នៅក្រុងប៉ោយប៉ែត
![](https://www.kmctvonline.com/wp-content/uploads/2022/02/photo_2022-02-17_17-12-45-780x470.jpg)
(បន្ទាយមានជ័យ)៖ជនសង្ស័យប្រុស ស្រីចំនួន០២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងគ្រឿង ញៀន សហការជាមួយកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង១២ ថ្ងៃត្រង់ នៅបន្ទប់លេខ១០២ ក្នុងសណ្ឋាគារ ផេង ចិន្តា ស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា៖បើទោះបីជាកាលៈទេសៈនេះក្នុងបរិបទជម្ងឺកូវីដ–១៩ ក៏ពិតមែន តែមិនបង្កឲ្យមានការរាំងស្ទះនូវកិច្ចប្រតិបត្តិរបស់សមត្ថកិច្ចក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀននោះឡើយ ។ជាក់ស្តែងនៅថ្ងៃទី១៦ ខែកុម្ភៈ នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនិតិវិធីរបស់ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។លោក និងលោកលឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារង បានដឹកនាំកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ចូលរួមសហការពីកំលាំងអធិការដ្ឋានក្រុងប៉ោយប៉ែត បានចុះអនុវត្តដីកាសម្រេចញុះញុងឲ្យលក់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងលើបានឃាត់ខ្លួនជនសង្ស័យចំនួន 0១ នាក់ ឈ្មោះ អូន ប៊ុនថេត ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត វត្តុតាងដកហូតមាន៖ម្សៅក្រាមសថ្លា 0២ ដុំ,ទូរស័ព្ទចំនួន 0១ គ្រឿង ។
លោកស្នងការរង បានបញ្ជាក់ថា៖ក្រោយពីការសួនាំជនសង្ស័យឈ្មោះ អូន ប៊ុនថេត កម្លាំងនគរបាលយើងបានបន្តចាប់ឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ឈ្មោះធៀន ពុទ្ធី ភេទស្រី អាយុ២៣ឆ្នាំ វត្តុតាងដកហូតមាន៖ម្សៅក្រាមសថ្លា 0១ដុំ, ទូរស័ព្ទចំនួន 0១ គ្រឿង រួមទាំងឧបករណ៍សម្រាប់ជក់ និងថង់សម្រាប់វិចខ្ចប់មួយចំនួន និងសៀវភៅឆ្លងដែនចំនួន០២ផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងសួរនាំនៅការិយាល័យប្រឆាំងគ្រឿញៀន ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី ៕