ព័ត៌មានជាតិ

ភ្លៀងមួយមេយ៉ាងធំ បណ្តាលឲ្យជន់លិចផ្ទះប្រជាពលរដ្ឋ ផ្សារ សាលារៀន និងផ្លូវជាច្រើនខ្សែ នៅក្នុងក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ: ក្រោយពីភ្លៀងធ្លាក់មួយមេយ៉ាងធំ នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ធ្វើឲ្យផ្លូវជាច្រើនខ្សែនៅក្នុងក្រុងប៉ោយប៉ែត ពិសេសនៅក្នុងសង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែតតែម្តងរងការជន់លិច ប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ។ចំណែកផ្ទះប្រជាពលរដ្ឋ ផ្សារ និងសាលារៀនរបស់រដ្ឋ ត្រូវបានទឹកជន់លិចធ្វើឲ្យសិស្សានុសិស្សផ្អាកការរៀនសូត្រ ផងដែរ។

ខណៈដែលជំនន់ទឹកភ្លៀងកំពុងជន់លិចនេះដែរ ឃើញថាមានអ្នកបើកបរមួយចំនួនហាក់បីដូចជា មិនមានការយោគយល់ បើកបរក្នុងល្បឿនលឿន ធ្វើឲ្យជះទឹកលើអ្នកធ្វើដំណើរដូចគ្នា និងកន្លែងប្រជាពលរដ្ឋកំពុងលក់ដូរ ពិសេសហូរចូលផ្ទះរបស់ពួកគាត់ជាហេតុធ្វើឲ្យខូចខាតនូវទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗផងដែរ។ដូច្នេះប្រជាពលរដ្ឋបានស្នើឲ្យអ្នកបើកបររថយន្តគ្រប់ប្រភេទ នៅតាមដងផ្លូវសាធារណៈ សូមការយោគយល់ដោយបើកបរក្នុងល្បឿនយឺតៗ ។

ម្យ៉ាងវិញទៀតដើម្បីបញ្ចៀសការស្ទះទឹកហូរមិនទាន់នោះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសំអាតអនាម័យបរិស្ថាន ពោលគឺសំដៅទៅលើសំរាម និងកាកសំណល់ផ្សេងៗទៀត ត្រូវវេចខ្ចប់ដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ជៀសវាងនៅពេលភ្លៀងធ្លាក់ម្ដងៗ ហូរតាមទឹកបណ្ដាលឱ្យបិទមុខលូ បង្កជាស្ទះ ពិសេសជាងនេះទៅទៀតអ្នកសាងសង់សំណង់ផ្សេងៗ សូមកុំដាក់ដូចជា គ្រួស ខ្សាច់ ឥត និងសម្ភារៈផ្សេងៗ នៅលើគម្របលូឬបាំងប្រព័ន្ធលំហូរទឹក ដើម្បីបញ្ចៀសការស្ទះ ពីព្រោះថានៅក្នុងក្រុងប៉ោយប៉ែតបច្ចុប្បន្ននេះ គេមើលឃើញថា មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសវិស័យសំណង់តែម្ដង មានការសាងសង់យ៉ាងរីកស្គុសស្គាយ ដូច្នេះអ្វីដែលធ្វើឲ្យប៉ះពាល់នោះគឺអ្នកមួយចំនួនបានយកគ្រួស និងខ្សាច់ ចាក់នៅតាមចិញ្ចើមផ្លូវនៅពេលភ្លៀងធ្លាក់ម្ដងៗហូរច្រោះបិទប្រព័ន្ធលូបង្កជាស្ទះជាដើម ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button