ព័ត៌មានជាតិ

អ្នកនាំពាក្យ រដ្ឋបាលខេត្តប៉ៃលិន បានធ្វើការច្រានចោលទាំងស្រុង រាល់ការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមមួយចំនួន រឿងដីភ្នំនៅខាងក្រោយកាស៊ីណូម្កុដពេជ្រ ដីភ្នំសារ៉ាវ៉ាន និងដីភ្នំចេក

ខេត្តប៉ៃលិន:ក្រោយពីមានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមមួយចំនួនកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ដែលមានចំណងជើងថា មានប្រជាពលរដ្ឋពីរនាក់ បានប្តឹងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងបក្សពួក ទៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងករណីឃុបឃិតគ្នាដកហូតដីរបស់ប្រជាពលរដ្ឋ ដោយគ្មានដីកាដកហូត និងករណីក្លែងឯកសារ យកដីភ្នំនៅខាងក្រោយកាស៊ីណូម្កុដពេជ្រ ទំហំ ៩ ៩៨៥ ម៉ែត្រការ៉េ និង
ដីភ្នំសារ៉ាវ៉ាន ទំហំ ៤៦០ ០០០ ម៉ែត្រការ៉េ ព្រមទាំងដីភ្នំចេកទំហំ ១៦៦ ៨២៣ ម៉ែត្រការ៉េ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបក្សពួកនោះ អ្នកនាំពាក្យ រដ្ឋបាលខេត្តប៉ៃលិន បានធ្វើការច្រានចោលទាំងស្រុង និងសូមបំភ្លឺជូនសាធារណៈជនឱ្យបានជ្រាបថា ចំពោះករណីរឿងការផ្អាកសំណង់ និងរឿងដីផ្លូវសាធារណៈ រដ្ឋបាលខេត្តបានបំភ្លឺជូនសាធារណៈជនម្ដងរួចហើយកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ចំណែកករណីចោទប្រកាន់លើថ្នាក់ដឹកនាំខេត្ត បានក្លែងបន្លំឯកសារ រំលោភយកដីទាំងបីទីតាំង ដែលបានលើកឡើងខាងលើ រដ្ឋបាលខេត្ត សូមបញ្ជាក់ថា ដីទាំងនេះគឺជាដីតំបន់កងទ័ព និងដីតំបន់ភ្នំ ដែលកន្លងមកជនខាងលើ និងបក្សពួកបានកាប់ទន្ទ្រា និងឈូសឆាយ ធ្វើជាដីឡូត៍លក់ឱ្យប្រជាពលរដ្ឋ ដោយខុសច្បាប់ ហើយ រដ្ឋបាលខេត្ត ចាត់វិធានការទប់ស្កាត់ ដើម្បីការពារ និងថែរក្សាទុកជាដីសម្បត្តិរបស់រដ្ឋ។

ចំពោះករណីដែលបានលើកឡើងនៅក្នុងពាក្យបណ្តឹងរបស់ឈ្មោះ រឿន បុរី និង ជឹង យូគៀងនិងបក្សពួក គឺជាមេខ្លោង បង្ករការញុះញង់ បង្កើតរឿងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងបន្លំឯកសារមួលបង្កាច់ បង្ករភាពវឹកវរ ធ្វើឱ្យប្រជាពលរដ្ឋបាត់ជំនឿក្នុងការដឹកនាំរបស់រដ្ឋបាលខេត្ត និងប៉ះពាល់ដល់
កិត្តិយស សេចក្តីថ្លៃថ្នូរ យ៉ាង ធ្ងន់ធ្ងររបស់ថ្នាក់ដឹកនាំខេត្ត ។

កន្លងមកបុគ្គលទាំងពីរនាក់ និងបក្សពួក តែងតែប្រព្រឹត្តអំពើបែបនេះជាច្រើនលើកច្រើនសារជាមួយប្រជាពលរដ្ឋ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចាត់ការតាមនីតិវិធីច្បាប់ជាបន្តបន្ទាប់ផងដែរ៕ ដោយ : លោក ក្រូច ណាវី

ព័ត៌មានលម្អិតសូមអាននូវសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិនដែលមានដូចខាងក្រោម:

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button